អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បន្តចុះទៅឃ្លាំមើលតំបន់តាមព្រំដែន ដែលរងការឈ្លានពានពីថៃ
អុន សម្ផស្ស
2 ម៉ោងមុន

ខេត្តពោធិ៍សាត់៖ ក្រុមអនុព័ន្ធយោធាបរទេស(MACPP)ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានបន្តចុះសង្កេតការណ៍នៅតំបន់អូរភ្លុកដំរី ស្ថិតនៅខេត្តពោធិ៍សាត់ ក្រោមការសម្របសម្រួលពីក្រសួងការពារជាតិកម្ពុជា។ បន្ទាប់មក ក្រុមអនុព័ន្ធយោធាបរទេស ក៏បន្តចុះសង្កេតការណ៍នៅច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ហើយថែមទាំងដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួសផងដែរ។ 

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកទី២ នៅដើមឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស ចុះទៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ កម្ពុជាស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្ត ដែលមានបំណងចូលរួមចុះពិនិត្យ និងសង្កេតការណ៍ដោយផ្ទាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ សំដៅធានាឱ្យបាននូវតម្លាភាព ភាពជឿទុកចិត្តបាន និងភាពត្រឹមត្រូវ។

សូមរំឭកថា តំបន់​អូរ​ភ្លុក​ដំរី ស្ថិតនៅក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ គឺជាទីតាំង១ដែលកងកម្លាំងថៃ បានប្រើ​គ្រឿង​ចក្រ​ធុន​ធ្ងន់​ឈូសឆាយ​ដី​ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ពោលគឺនៅក្រោយបទឈប់បាញ់ទ្វេភាគីត្រូវបានអនុវត្តបានជិត៤ខែ។ ​ក្រសួង​ការបរទេស​កម្ពុជា នៅថ្ងៃទី១៩មេសា បានតវ៉ាយ៉ាងខ្លាំងក្លា និងចាត់​ទុក​សកម្មភាពនេះថា ជាការរំលោភលើ​ការ​ប្តេជ្ញាចិត្ត​របស់​ភាគីថៃផ្ទាល់ ក៏ដូចជារំលោភលើ​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិ​សញ្ញា​មិត្តភាព និង​សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC)ជាដើម។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព អនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតចំពោះសេចក្តីប្រកាសរួមនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC), សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព, និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។ ក្នុងគោលដៅធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស ការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនរវាងកម្ពុជា និងថៃ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត