កម្ពុជា-ឆែក ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាច្រើន
S
Sreyleak Yith
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅប្រទេសព្រុយណេ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា មានជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ផេថឺ ម៉ាស៊ីនកា (Petr Macinka) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឆែក។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា​ បានឱ្យដឹងថា ភាគីទាំងពីរបានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ក៏ដូចជាការបណ្តុះបណ្តាលមន្ត្រីការទូតវ័យក្មេង។ ជាមួយគ្នា លោករដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាគ្នាពីការរៀបចំប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពគ្នាត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការលើកលែងទិដ្ឋាការ វិស័យទេសចរណ៍ និងកសិកម្ម នៅរដ្ឋធានីប្រាក ប្រទេសឆែក នាពេលឆាប់ៗនេះ។

មិនមែនតែរដ្ឋមន្ត្រីការបរទេសឆែក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជួបពិភាក្សាជាមួយលោក វីវៀន បាឡាគ្រីស្នាន់ (Vivian Balakrishnan) រដ្ឋមន្ត្រីការបរទេសសិង្ហបុរី, លោក ហ្វ្ល័ររៀន ហាន (Florian Hahn) អនុរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ និងលោកឧបនាយករដ្ឋមន្ត្រី សីហស័ក្តិ ភួងកេតកែវ (Sihasak Phuangketkeow) រដ្ឋមន្ត្រីការបរទេសថៃ ជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត