ប្រាប់មិនស្តាប់! សមត្ថកិច្ចប្រើធម៌ក្ដៅចុះរើ​អីវ៉ាន់អាជីវករលក់ដូរនៅស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ
S
Sreyleak Yith
3 ម៉ោងមុន

ក្រុងក្រចេះ៖ ក្រោយចុះណែនាំ ក៏ដូចជាធ្វើកិច្ចសន្យាឱ្យឈប់លក់ ហើយនៅបន្តដដែល កម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពស្រុកចិត្របុរី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ បានចុះរៀបចំសណ្តាប់ធ្នាប់សាជាថ្មី នៅចំណុចស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ស្ថិតក្នុងភូមិតាលុស ឃុំបុសលាវ…។

លោក សេក រុន អភិបាលរងស្រុកចិត្របុរី បានឱ្យដឹងថា ការចុះរៀបសណ្ដាប់ធ្នាប់ជាថ្មីម្ដងទៀតនេះ អាជ្ញាធរបានចុះរុះរើ តុ កៅអី គ្រែ ទូលក់ដូរ និងរៀបចំសម្អាតពីក្រោមស្ពាន។ លោកបញ្ជាក់ថា ការលក់ដូរក្រោមស្ពាន និងលើចំណីផ្លូវ បានធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ខូចសោភ័ណភាពស្ពាន និងអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយទីនោះ គឺជាទីតាំងផ្លូវរថយន្តធំបើកបរចុះឡើង ហើយមានទីធ្លាតូចចង្អៀត។

សូមរំឭកថា កាលពីថ្ងៃទី៨មេសា ឆ្នាំ២០២៦កន្លងទៅ កម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពស្រុកចិត្របុរី បានចុះរៀបចំសណ្តាប់ធ្នាប់ម្ដងរួចមកហើយ ដោយបានផ្សព្វផ្សាយ អប់រំ និងណែនាំ ដល់អ្នកលក់ដូរលើដីចំណីផ្លូវសាធារណៈ និងអ្នកលក់ដូរក្រោមស្ពានមេគង្គក្រចេះ ត្រូវបញ្ចប់ការលក់នៅក្រោមស្ពាន និងបានធ្វើកិច្ចសន្យាឈប់លក់ដូរលើទីតាំងនេះតទៅទៀត និងត្រូវរើគ្រែ តុ រ៉ឺម៉កម៉ូតូលក់ដូរឱ្យអស់ត្រឹមព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ជាកំហិត ប៉ុន្តែក្រោយមកក្រុមអាជីវករទាំងនោះបែរជាបន្តចូលមកលក់ដូរយ៉ាងអនាធិបតេយ្យវិញដដែល៕ រាយការណ៍ដោយ៖ លោក សារី ណែត

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត