រណ្តៅដីក្នុងក្រុងសិរីសោភ័ណ ជិត៤ហិកតាជម្រៅ១០ម៉ែត្រ ឈ្មួញកំពុងធ្វើអាជីវកម្ម ខណៈអភិបាលក្រុងមិនហ៊ានបញ្ជាក់មានច្បាប់ ឬអត់
អុន សម្ផស្ស
09 មីនា 2023 11:00 AM

ខេត្តបន្ទាយមានជ័យ៖ រណ្តៅដីដ៏ធំមួយដែលឈ្មួញធ្វើអាជីវកម្មជីកកកាយយកដីលក់ លើទំហំផ្ទៃដីប្រមាណ ៣ទៅ៤ហិកតា និងមានជម្រៅ១០ម៉ែត្រ ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋក្នុងភូមិ ខណៈអភិបាលក្រុងសិរីសោភ័ណ មិនហ៊ានបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះ មានច្បាប់ ឬអត់នោះឡើយ...។

ប្រជាពលរដ្ឋរស់នៅក្បែររណ្តៅដីដ៏ធំ ដែលឈ្មួញកំពុងធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងក្នុងសង្កាត់ទឹកថ្លា បានបង្ហាញក្ដីព្រួយបារម្ភជាខ្លាំង ក្រោយរណ្តៅដីមានជម្រៅកាន់តែជ្រៅហើយធំ និងមិនដែលឃើញអាជ្ញាធរណាចុះហាមឃាត់នោះឡើយ។ ប្រជាពលរដ្ឋបានត្អូញត្អែរថា ពួកគាត់ពិតជាមានការភ័យខ្លាច នឹងបារម្ភជាខ្លាំង ជាពិសេស នៅរដូវវស្សាខាងមុខ គឺខ្លាចមាត់រណ្តៅបាក់ស្រុតរាលដាលដល់ដីស្រែរបស់ពួកគាត់ដែលនៅក្បែរនោះ និងខ្លាចគ្រោះថ្នាក់ដល់កូនចៅ និងសត្វចិញ្ចឹមផ្សេងទៀត។

ដោយឡែក អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ក៏បានបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពលើការធ្វើដំណើរផងដែរ ខណៈរថយន្តធំៗដឹកអាចម៍ដីលក់រាប់សិបគ្រឿង របស់ក្រុមឈ្មួញខាងលើ ក្នុងមួយថ្ងៃៗបើកបរលឿនៗ និងគ្មានស្លាកសញ្ញាសម្គាល់ នៅផ្លូវចេញចូលឆ្លងកាត់ផ្លូវជាតិលេខ៥នោះឡើយ។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ ក៏បានសំណូមពរដល់លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ មេត្តាមានវិធានការចុះមកណែនាំការដ្ឋានធ្វើអាជីវកម្មជីកដីខាងលើ ជួយចុះមកត្រួតពិនិត្យឱ្យបានឆាប់ផង ពោល[..]កុំចាំទាល់តែមានគ្រោះថ្នាក់ទើបចុះមកណែនាំ។ ម្យ៉ាងវិញទៀត សូមមន្ត្រីជំនាញ ដែលមានលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត មេត្តាចុះមកមើលក្រុមហ៊ុនខាងលើនេះផង ប្រុងជីកដល់ជម្រៅណា សឹងនឹងដល់ក្បាលប្រេតហើយហ្នឹង។ ម៉្យាងតើក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវដែលឬទេ? តើក្រុមឈ្មួញខាងលើនេះ បានអនុវត្តទៅតាមច្បាប់ដែរឬអត់? ព្រោះរណ្តៅដីមានជម្រៅលើសពី១០ម៉ែត្រ និងមានទំហំប្រហែល៣ទៅ៤ហិកតា គ្មានរបងហ៊ុំព័ន្ធការពារសុវត្ថិភាពដល់សាធារណជនឡើយ។

យ៉ាងណា ពាក់ព័ន្ធបញ្ហារណ្តៅដីខាងលើនេះ កាលពីល្ងាចថ្ងៃ០៨ ខែមីនា ឆ្នាំ២០២៣ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ភ្នាក់ងារសារព័ត៌មាន SBM News ដឹងថា លោកមិនហ៊ានបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះ មានច្បាប់ ឬគ្មានច្បាប់នោះទេ ដោយលោកប្រាប់ថា ឱ្យទៅសួរនាំខាងមន្ទីរជំនាញវិញ។ ចំណែករថយន្តដឹកខុសបច្ចេកទេស និងបង្កផលប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនោះ លោកបញ្ជាក់ថា នឹងចាត់ឱ្យមន្ត្រីទៅពិនិត្យមើលនៅពេលក្រោយ។

ដោយឡែក លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ មិនអាចសុំការបំភ្លឺបានទេ ព្រោះខលទូរសព្ទចូលគ្មានអ្នកទទួល។ យ៉ាងណា ជុំវិញការទាក់ទងចូលគ្មានអ្នកឆ្លើយតបនេះ អ្នកសារព័ត៌ស្ទើរតែគ្រប់អង្គភាព បានឱ្យដឹងស្រដៀងគ្នាថា គឺមានការពិបាកក្នុងការទំនាក់ទំនង ស្នើសុំការបំភ្លឺ ពីប្រធានមន្ទីររូបនេះខ្លាំងណាស់ ជាពិសេស រឿងដែលពាក់ព័ន្ធនឹងរណ្តៅដី ឬកាយភ្នំ គឺខលចូលមិនលើក ហើយបើលើក តែដឹងថា ជាអ្នកសារព័ត៌មាន គឺចុចបិទ ឬឆ្លើយថាជាប់រវល់តែម្ដង...៕ រាយការណ៍ដោយ៖ លោក ឈុន មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត