
រដ្ឋធានីហាណូយ៖ សភាវៀតណាម បានប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី២២ ខែមីនា ដោយបញ្ជាក់ថា បក្សកុម្មុយនីស្ដវៀតណាម បានឈ្នះអាសនៈចំនួន៤៨២ក្នុងចំណោមអាសនៈសរុបចំនួន៥០០ (ស្មើនឹងជិត៩៧ភាគរយ) នៅក្នុងការបោះឆ្នោតថ្នាក់ជាតិអាណត្តិ៥ឆ្នាំម្ដង។

លទ្ធផលនេះ ឆ្លុះបញ្ចាំងពីឥទ្ធិពលដ៏លើសលប់របស់បក្សកាន់អំណាច ខណៈបេក្ខជនស្ទើរតែទាំងអស់សុទ្ធតែត្រូវបានជ្រើសរើសដោយផ្ទាល់ពីសំណាក់បក្ស។ យោងតាមអាជ្ញាធរវៀតណាម អត្រាអ្នកទៅបោះឆ្នោតជ្រើសរើសសមាជិកសភា និងក្រុមប្រឹក្សាមូលដ្ឋានមានកម្រិតខ្ពស់រហូតដល់ជាង៩៩ភាគរយ ជាតួលេខស្រដៀងគ្នាទៅនឹងការបោះឆ្នោតអាណត្តិមុនៗដែរ។ សភានីតិកាលថ្មីនេះ គ្រោងនឹងបើកសម័យប្រជុំដំបូងនៅថ្ងៃទី៦ ខែមេសា ដើម្បីអនុម័ត និងបញ្ជាក់ជាផ្លូវការនូវសមាសភាពថ្នាក់ដឹកនាំរដ្ឋថ្មី រួមមាននាយករដ្ឋមន្ត្រី និងប្រធានាធិបតី។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺ លោក តូ ឡាំ ដែលទើបតែត្រូវបានជ្រើសតាំងជាអគ្គលេខាធិការបក្សកាលពីខែមករា ត្រូវបានគេរំពឹងយ៉ាងមុតមាំថា នឹងកាន់តំណែងជាប្រធានាធិបតីបន្ថែមមួយទៀត។ ការក្ដោបក្ដាប់តំណែងកំពូលទាំងពីរក្នុងពេលតែមួយនេះ នឹងធ្វើឱ្យរចនាសម្ព័ន្ធនយោបាយរបស់វៀតណាម កាន់តែដូចទៅនឹងប្រទេសចិន ដែល លោក ស៊ី ជីនពីង កំពុងកាន់តំណែងជាអគ្គលេខាធិការបក្ស និងជាប្រធានាធិបតីដូចគ្នា។

ទោះបីជាវៀតណាម និងចិន មានប្រវត្តិជម្លោះដែនទឹកនៅសមុទ្ទចិនខាងត្បូងក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងបក្សកុម្មុយនីស្ដនៃប្រទេសទាំងពីរ នៅតែរក្សាភាពជិតស្និទ្ធជាផ្លូវការ។ ការបញ្ចប់ការបោះឆ្នោតនេះ បានកើតឡើងចំពេលដែលវៀតណាម កំពុងប្រឈមមុខនឹងផលប៉ះពាល់សេដ្ឋកិច្ចសកល បណ្ដាលមកពីវិបត្តិនៅមជ្ឈិមបូព៌ា ជាពិសេសលើបញ្ហាពាណិជ្ជកម្ម និងទីផ្សារថាមពល៕



