
ខេត្តស្វាយរៀង៖ ថ្នាំញៀនដល់ទៅ៤៤គីឡូក្រាម និងកាំភ្លើងខ្លីជាច្រើន ត្រូវកម្លាំងនគរបាលជំនាញរឹបអូសបានពីក្រុមឧក្រិដ្ឋជន៥នាក់ ក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។ មន្ត្រីជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ទម្លាយឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងតាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦មកម្ល៉េះ។

ដោយមានការសម្របសម្រួលពីលោក ឡាយ ជ័យហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានចាត់សមត្ថកិច្ចជំនាញបើកការស៊ើបអង្កេតស្រាវជ្រាវករណីជួញដូរ រក្សាទុក ដឹកជញ្ជូន កែច្នៃ និងរក្សាទុកអាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត រហូតឈានដល់ការចាប់ខ្លួនអ្នកពាក់ព័ន្ធជនល្មើសទាំង៥នាក់ ក្នុងនោះ មានជនជាតិវៀតណាម៤នាក់ និងជនជាតិចិនម្នាក់។

ក្រៅពីការឃាត់ខ្លួនជនល្មើសទាំង៥នាក់ខាងលើ អាជ្ញាធរបានបន្តរឹបអូសគ្រឿងញៀនចម្រុះជាង៤៤គីឡូក្រាម និងអាវុធខ្លី៤ដើមផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕






