
រាជធានីភ្នំពេញ៖ ក្នុងឱកាសប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អំពាវនាវដល់សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ ដៃគូអភិវឌ្ឍ ក្រសួង និងវិស័យឯកជនទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ជំរុញការអភិវឌ្ឍ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងចូលរួមបណ្តុះវប្បធម៌នវានុវត្តន៍ ក្នុងគ្រប់រូបភាពនៃកិច្ចការងារ និងជីវភាពប្រចាំថ្ងៃ ដើម្បីរួមគ្នាកសាងប្រព័ន្ធនវានុវត្តន៍ជាតិមួយ ប្រកបដោយប្រសិទ្ធភាព។

តាមរយៈសារលិខិត សម្តេចនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ចំនួន៥។ ទី១. សន្តិភាព និងអភិបាលកិច្ចរួម ជាលក្ខខណ្ឌដំបូងសម្រាប់នវានុវត្តន៍៖ អាចវិនិយោគរយៈពេលវែងលើការអប់រំ ការស្រាវជ្រាវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលុះត្រាតែប្រទេសមានសន្តិភាព ស្ថិរភាព នីតិរដ្ឋ និងអភិបាលកិច្ចស្ថាប័នប្រកបដោយប្រសិទ្ធភាព។ ទី២. មូលធនមនុស្សគឺជាស្នូលនៃនវានុវត្តន៍៖ គោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគ្រប់គោលនយោបាយជាតិរបស់កម្ពុជា បានកសាងឡើងដើម្បីជំរុញ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានឱកាសរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងទាមទារឱ្យមានការចូលរួមចំណែកពីពលរដ្ឋគ្រប់រូប គ្រប់វ័យ គ្រប់ភេទ ជាពិសេសការបង្កើននិស្សិតបញ្ចប់ការសិក្សាលើជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ក្នុងដំណើរការអភិវឌ្ឍនិងជំរុញ នវានុវត្តន៍ជាតិប្រកបដោយភាពធន់ និងភាពប្រកួតប្រជែង។

ទី៣. នវានុវត្តន៍ត្រូវបម្រើឱ្យកំណើនប្រកបដោយចីរភាព និងបរិយាបន្ន៖ បច្ចេកវិទ្យា និងគំរូអាជីវកម្មថ្មីៗ ត្រូវជួយបង្កើតការងារ បង្កើនផលិតភាព គុណភាព តម្លៃបន្ថែមដល់ផលិតផល សេវាកម្មលើគ្រប់វិស័យ និងគិតគូរពីនវានុវត្តន៍ឧស្សាហកម្ម ការការពារបរិស្ថាន និងសហគមន៍។ ទី៤. សមត្ថភាពស្រាវជ្រាវនិងអភិវឌ្ឍន៍ ការចាប់យកបច្ចេកវិទ្យា និងការផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើត ផលិតភាព សម្រាប់វិស័យដែលមានតម្លៃបន្ថែមខ្ពស់ គឺជាយុទ្ធសាស្ត្រ៖ តាមរយៈការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ អាចរៀបចំមូលដ្ឋានសម្រាប់សេដ្ឋកិច្ចផ្អែកលើចំណេះដឹង ដែលអាចឱ្យមានលទ្ធភាពប្រកួតប្រជែង និងធ្វើសហប្រតិបត្តិការបានដោយស្មើភាពជាមួយ ប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។ ការចាប់យក និងការផ្ទេរបច្ចេកវិទ្យា ឈានមុខជាទូទៅ បញ្ញាសិប្បនិម្មិត និងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យ ឧស្សាហកម្ម នឹងជួយពន្លឿនការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ទី៥. នវានុវត្តន៍ គឺពិតជាកម្លាំងចលករដែលជួយឱ្យសម្រេចបំណងប្រាថ្នា ក្នុងការពង្រឹងខឿនការពារជាតិ រក្សាអធិបតេយ្យភាព និងពន្លឿនការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ គួរជ្រាបថា នវានុវត្តន៍ ឬ ជាភាសាអង់គ្លេស Innovation ជាទូទៅសំដៅដល់ការច្នៃប្រឌិតឬការបង្កើតគំនិតថ្មីៗ ដែលភាគច្រើនពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា វិទ្យាសាស្ត្រ ឬ ព័ត៌មានវិទ្យាជ។ ដោយឡែក បើក្នុងបរិបទនៃអាជីវកម្មវិញ មិនមែនសំដៅសុទ្ធតែការផ្សារភ្ជាប់ទៅនឹងបច្ចេកវិទ្យានោះទេ ប៉ុន្តែការរកឃើញនូវរបៀបគ្រប់គ្រង ប្រព័ន្ធគ្រប់គ្រង ឬអ្វីដែលថ្មីដោយមិនចាំបាច់ផ្សារភ្ជាប់ទៅនឹងបច្ចេកវិទ្យា ក៏អាចនិយាយបានថាជា នវានុវត្តន៍ដែរ៕






