ថៃបន្តប្រើសម្តីមួលបង្កាច់ដូចមុន តើចង់បញ្ឆេះសង្គ្រា.មលើកទី៣ មកលើកម្ពុជា ឬយ៉ាងណា?
S
Soriya Sou
25 មីនា 2026 09:39 AM

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានចេញមកច្រានចោលការចោទប្រកាន់របស់ថៃ ដែលបានផ្សព្វផ្សាយថា កម្ពុជាត្រៀមផែនការបំផ្ទុះអាវុធជាលើកទី៣...។

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា  
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា  

លោកស្រី ម៉ាលី សុជាតា ឆ្លើយតបថា សារព័ត៌មានថៃបានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃ ដែលចោទមកលើកម្ពុជាត្រៀមខ្លួនសម្រាប់ការផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន។ លោកស្រីអះអាងថា កងយោធពលខេមរភូមិន្ទកម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពសេចក្តីប្រកាសរួមនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ថ្ងៃទី២៦តុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន។

លោក ធីរៈណាន់ ណាន់ថៈខ្វាំង មេបញ្ជាការស៊ើបការណ៍សម្ងាត់នៃកងទ័ពជើងគោកភូមិន្ទថៃ
លោក ធីរៈណាន់ ណាន់ថៈខ្វាំង មេបញ្ជាការស៊ើបការណ៍សម្ងាត់នៃកងទ័ពជើងគោកភូមិន្ទថៃ

អ្នកនាំពាក្យរូបនេះ បញ្ជាក់ជាថ្មីថា កងទ័ពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ សិទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន។ តាមពិតទៅ ការត្រៀមផ្ទុះអាវុធជាលើកទី៣ ជាផែនការរបស់ថៃទៅវិញទេ។ នៅថ្ងៃទី២៤មីនា លោក ធីរៈណាន់ ណាន់ថៈខ្វាំង (Theeranan Nanthakwang) មេបញ្ជាការស៊ើបការណ៍សម្ងាត់នៃកងទ័ពជើងគោកភូមិន្ទថៃ បានចេញមកព្រមានថា ការផ្ទុះអាវុធជាលើកទី៣ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ អាចនឹងកើតមានគ្រប់ពេលវេលា។ លោកបានលើកឡើងនូវកត្តា២យ៉ាង ក្នុងបំណងមួលបង្កាច់កម្ពុជាដោយឥតកេរ្តិ៍ខ្មាស។ ១. ការពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជា៖ ក្នុងចំណុចនេះ ថៃចោទកម្ពុជាទាំងបំពានថាបានទិញអាវុធយ៉ាងសន្ធឹកសន្ធាប់ពីបណ្ដាប្រទេសនៅអឺរ៉ុបខាងកើត។

២. បញ្ហានយោបាយផ្ទៃក្នុង៖ ត្រង់ចំណុចនេះ ថៃបានភ្ជាប់បញ្ហាព្រំដែនទៅនឹងការបោះឆ្នោតអាណត្តិក្រោយរបស់កម្ពុជានាឆ្នាំ២០២៧ ដើម្បីបង្កើតជារូបភាពនៃការគំរាមកំហែង។ លោក ធីរៈណាន់ បានបញ្ជាឱ្យកងទ័ពថៃត្រៀមលក្ខណៈសម្រាប់ធ្វើសង្គ្រាមលើកម្ពុជាសាជាថ្មី ឬជាលើកទី៣ ក្នុងរយៈពេល៤ទៅ៥ខែខាងមុខ ពោលគឺបន្ទាប់ពីផុតរដូវវស្សា។ សម្តីរបស់មេបញ្ជាការស៊ើបការណ៍សម្ងាត់ថៃរូបនេះ បង្ហាញឱ្យឃើញថា កងទ័ពភូមិន្ទថៃនៅតែបន្តមហិច្ឆតាចង់ឈ្លានពានទឹកដីកម្ពុជាកាន់តែខ្លាំងថែមទៀត ដោយមិនខ្វល់ពីច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត