
ក្រុងសិរីសោភ័ណ៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់នៅម៉ោង៩ព្រឹកថ្ងៃព្រហស្បតិ៍ទី២៩មករា ឆ្នាំ២០២៦នេះ ទាំងមិនមានផ្លែផ្កា…។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា កិច្ចប្រជុំរវាងគណៈប្រតិភូក្រុមលេខាធិការដ្ឋានកម្ពុជាដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ និងគណៈប្រតិភូក្រុមលេខាធិការដ្ឋានថៃដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ទល់នឹងខេត្តស្រះកែវ ប្រទេសថៃ បានបិទបញ្ចប់ បន្ទាប់ពីដំណើរការចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ រៀបចំឡើងក្រោមការឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។

យ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិ ថាកិច្ចប្រជុំនេះភាគីទាំងពីរមិនមានការឯកភាពគ្នាអ្វីឡើយ។ លោកស្រី ម៉ាលី សុជាតា អះអាថា៖«[..]ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នា ដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្ដូរឯកសារ និងពិភាក្សាគ្នាជាថ្មី ដើម្បីឈានដល់ការឯកភាពគ្នានាពេលខាងមុខ ទើបមានការរៀបចំ ពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ»។

បើតាមក្រសួងការពារជាតិ កិច្ចប្រជុំពិសេស RBC ធ្វើឡើងផ្អែកលើស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស៕




