
រាជធានីភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបីប្រទេស និងពិធីបិទលំហាត់ហ្វឹកហ្វឺនសង្គ្រោះ គ្រោះមហន្តរាយរួមគ្នារវាងកងទ័ព កម្ពុជា-ឡាវ-វៀតណាម នឹងត្រូវរៀបចំឡើងនៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេល៤ថ្ងៃ។ តាមរយៈកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការពារជាតិទាំងបីប្រទេស និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ រឹងមាំបន្ថែមទៀត…។

តបតាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន រដ្ឋមន្ត្រីការពារប្រទេសឡាវ ក្នុងនាមជាម្ចាស់ផ្ទះនៃ«កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបីប្រទេស កម្ពុជា-ឡាវ-វៀតណាម» លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង និងកងទ័ព ធ្វើទស្សនកិច្ចចូលរួមកិច្ចប្រជុំជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ឡាវ-វៀតណាម និងពិធីបិទលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយ រួមគ្នារវាងកងទ័ពទាំងបីប្រទេសនេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីវៀងច័ន្ទន៍។

ក្រសួងការពារជាតិកម្ពុជា ចាត់ទុកការទៅចូលរួមកិច្ចប្រជុំរបស់ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងបញ្ជាក់ជាថ្មីម្ដងទៀតនូវចំណងមិត្តភាព សាមគ្គីភាព ដ៏យូរអង្វែង ព្រមទាំងការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជានៃកងយោធពលខេមរភូមិន្ទ រវាងកងទ័ពប្រជាជនឡាវ និងកងទ័ពប្រជាជនវៀតណាម។ ពោលគឺ សំដៅបង្កើននូវទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ កម្ពុជា-ឡាវ-វៀតណាម ទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅរឹងមាំបន្ថែមទៀត។ ស្របគ្នានេះ ក៏នឹងចូលរួមការពារថែរក្សានូវសន្តិសុខ សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសាមគ្គីភាព មិត្តភាព សម្រាប់តំបន់ និងសកលលោកទាំងមូល។

គួរជ្រាបថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិបីប្រទេស កម្ពុជា-ឡាវ-វៀតណាម កាលពីឆ្នាំ២០២៤ កម្ពុជា ជាអ្នកធ្វើជាម្ចាស់ផ្ទះ។ តាមរយៈកិច្ចប្រជុំកាលនោះ កងទ័ពទាំងបីប្រទេស បានឯកភាពសហការគ្នា ការពារថែរក្សាសន្តិសុខ តាមតំបន់បណ្ដោយព្រំដែន នៃប្រទេសទាំងបី ជាព្រំដែនសន្តិភាព ដោយរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាពតាមបណ្ដោយព្រំដែន ដើម្បីបង្កគ្រប់លក្ខណៈសម្បត្តិដល់ពលរដ្ឋដែលរស់នៅប្រកបរបររកស៊ីតាមព្រំដែន ឱ្យមានជីវភាពកាន់តែធូរធា។ ភាគីទាំងបី សន្យាពង្រឹងកិច្ចសហការក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនដោយខុសច្បាប់ ទប់ស្កាត់រាល់សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការបរបាញ់សត្វព្រៃ ការជីករុករកសម្បត្តិធម្មជាតិ ការកាប់និងបំផ្លាញព្រៃឈើ ការជួញដូរវត្ថុបុរាណ ការជួញដូរអាវុធយុទ្ធភណ្ឌ និងការប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗទៀត៕







