
ខេត្តបាត់ដំបង៖ យោងតាមការឱ្យដឹងព័ត៌មានបឋមពីអាជ្ញាធរសមត្ថកិច្ចឃុំស៊ុងនៃស្រុកសំឡូត បានឱ្យដឹងថា កាលពីវេលាម៉ោង៩ៈ២០នាទីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ មានករណីផ្ទុះមីនតោនមួយ ស្ថិតនៅក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ខណៈដែលបុរសម្នាក់បាននិងកំពុងបើកត្រាក់ទ័រភ្ជួរដីក្នុងចម្ការដំឡូង...។

លោក កែវ វិបុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស៊ុង បានថ្លែងប្រាប់ភ្នាក់ងារSBM News ប្រចាំខេត្តបាត់ដំបងឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ភន ភេទ អាយុ២៨ឆ្នាំ ស្នាក់នៅក្នុងក្រុមទី៤ ភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត បានបើកត្រាក់ទ័រភ្ជួរដីក្នុងចម្ការដំឡូងដូចសព្វមួយដង ប៉ុន្តែស្រាប់តែជាន់ប៉ះចំគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ(មីនតោន)ដែលសល់តាំងពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះរងរបួសធ្ងន់ ចំណែកឯត្រាក់ទ័រខូចខាតមួយកំណាត់មុខទាំងស្រុង។ ក្រោយកើតហេតុភ្លាម សមត្ថកិច្ចជំនាញនៅមូលដ្ឋានបានចុះទៅដល់ និងបានដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះព្យាបាលបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

សូមបញ្ជាក់ថា ខេត្តបាត់ដំបង, បន្ទាយមានជ័យ និងឧត្តរមានជ័យ ជាខេត្តស្ថិតក្នុងសមរភូមិក្ដៅកាលពីអំឡុងប្រទេសកម្ពុជាមានសង្គ្រាមរ៉ាំរ៉ៃអស់ជាងបីទសវស្សរ៍មកនោះ បច្ចុប្បន្ន ដ្បិតថាប្រទេសកម្ពុជាស្ថិតក្នុងសន្តិភាពហើយក៏ពិតមែន ប៉ុន្តែជារឿយៗផ្ទៃដីសល់ពីសម័យសង្គ្រាមមួយចំនួននៅមិនទាន់មានសុខសុវត្ថិភាព១០០ភាគរយនៅឡើយទេ ខណៈអាជ្ញាធរសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមីនកម្ពុជា តែងតែប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ និងគ្រាប់មីនសំណល់សល់ពីសម័យសង្គ្រាមជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីថ្ងៃទី៧ធ្នូ ឆ្នាំ២០២៣ម្សិលមិញ មានសេចក្តីរាយការណ៍ទៅកាន់អាជ្ញាធរដោះមីនថា ពួកគេបានឃើញមីនមាន២គ្រាប់ ប៉ុន្តែដល់ពេលបោសសម្អាតជាក់ស្តែង គឺមានចំនួន៣គ្រាប់ត្រួតគ្នា៣ជាន់។ "មុននេះនៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានកសិករជីកដីដាំដំណាំប្រទះឃើញគ្រាប់មីនតោន២គ្រាប់ក្នុងរណ្តៅតែមួយ ដីនេះគាត់បានប្រើប្រាស់រាប់ឆ្នាំមកហើយ ស្រាប់តែភ្ញាក់ផ្អើលពេញភូមិតែម្ដង ប៉ុន្តែមិនមានបង្កគ្រោះថ្នាក់ទេ ឥឡូវក្រុមអន្តរាគមន៍ចេញទៅយកល្ងាចនេះ។" នេះជាការបញ្ជាក់ពីមន្ត្រីអាជ្ញាធរមីនកម្ពុជាស៊ីម៉ាក់...៕ រាយការណ៍ដោយ៖ ភ្នាក់ងារបាត់ដំបង








