
រាជធានីភ្នំពេញ៖ ការស្លាប់របស់នាយទាហានចំនួន២០នាក់ ដោយសារការផ្ទុះឃ្លាំងស្តុកគ្រាប់នៅបន្ទាយយោធភូមិភាគទី៣ នៅខេត្តកំពង់ស្ពឺ បានធ្វើឱ្យមានសេចក្តីក្រៀមក្រំពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋស្ទើរពេញប្រទេស...។

ការស្លាប់របស់នាយទាហានទាំង ២០នាក់ មិនត្រឹមតែជាការបាត់បង់សមាជិកក្រុមគ្រួសារនៃសពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់ប្រជាជាតិកម្ពុជាផងដែរ។ នេះជាការលើកឡើងរបស់មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា។ នាយទាហានទាំង២០នាក់បានស្លាប់កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដោយសារការផ្ទុះឃ្លាំងស្តុកគ្រាប់នៅបន្ទាយយោធភូមិភាគទី៣ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បើតាមរបាយការណ៍របស់កងទ័ពជើងគោក បានបញ្ជាក់ថា យោធិនដែលស្លាប់ទាំង២០នាក់នោះ មាន១៥នាក់ជានាយទាហាននៅខេត្តកោះកុង និង៥នាក់ជានាយទាហានទីបញ្ជាការយោធភូមិភាគទី៣។

របាយការណ៍ខាងលើ បញ្ជាក់ថា ការខូចខាតជាបឋមរួមមាន រថយន្តដឹកគ្រាប់ចំនួន២គ្រឿងមកពីខេត្តកោះកុង ត្រូវបានផ្ទុះខ្ទេច(ទាំងគ្រាប់) និងរងការខូចខាតធ្ងន់ធ្ងររថយន្តមួយគ្រឿងទៀត(គ្រាប់នៅដដែល) ខណៈអាវុធគ្រាប់នៅក្នុងឃ្លាំងបច្ចេកទេសទីបញ្ជាការយោធភូមិភាគមិនទាន់សរុបបាននៅឡើយទេ។ គិតត្រឹមម៉ោង ០២:១០នាទីរសៀលថ្ងៃអាទិត្យនេះ មិនទាន់មានរបាយការណ៍បញ្ជាក់ពីមូលហេតុនៃការផ្ទុះពិតប្រាកដនៅឡើយទេ។ ការលាចាកលោករបស់នាយទាហានទាំង២០នាក់ បាននាំឱ្យមានប្រតិកម្ម និងការសោកស្ដាយពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋពេញប្រទេស។ ជាក់ស្តែង កាលពីយប់ថ្ងៃទី២៧ ខែមេសានេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត គេក៏ឃើញសម្តេចបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះសោកនាដកម្មខាងលើ គួរឱ្យកត់សម្គាល់ផងដែរ។

តាមសំណេររបស់សម្តេចនាយករដ្ឋមន្រ្តី មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំមានក្ដីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស»។ ខ្លឹមសារក្នុងសំណេររបស់សម្តេចនាយករដ្ឋមន្រ្តីបន្តថា៖«ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី និងសម្ដែងនូវសមាណទុក្ខសោកស្ដាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ»។ ជាការដឹងគុណចំពោះការពលីបុព្វហេតុជូនជាតិរបស់កងទ័ពទាំងនោះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានធានា និងរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពយោធិនទាំង ២០នាក់នោះដែរ និងបានប្រកាសបរិច្ចាគថវិកាជូន គ្រួសារជនរងគ្រោះចំនួន២ម៉ឺនដុល្លារ ក្នុងមួយគ្រួសារសព និងចំនួន២០លានរៀលសម្រាប់យោធិនរងរបួស។

រីឯសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃជាមួយគ្នានោះ សម្តេចក៏បានផ្ញើលិខិតរំលែកទុក្ខជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួសក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នោះដែរ។ ក្នុងលិខិតមានខ្លឹមសារថា៖ «ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី និងសម្ដែងនូវសមាណទុក្ខសោកស្ដាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវ ហេតុដ៏សោកសង្រេងនេះ»។ដោយឡែក បើក្រឡេកទៅមើលនៅលើបណ្តាញសង្គមវិញ ក្រោយពីការពលីរបស់នាយទាហានទាំង ២០នាក់រួច គេឃើញទាំងស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងពលរដ្ឋអ្នកប្រើប្រាស់ស្ទើរពេញប្រទេសក៏បានបង្ហាញការសោកស្ដាយ និងការរំលែកទុក្ខជាមួយគ្រួសារសពដែរ។ សាធារណៈមតិ ដែលសម្ដែងការសោកស្ដាយនោះមានខ្លឹមសារប្រហាក់ប្រហែលគ្នា និងខ្លះថាការពលីនេះនៅតែមានតម្លៃ និងស្ថិតក្នុងចិត្តប្រជាជនកម្ពុជាជានិច្ច តាមរយៈការលះបង់របស់នាយទាហានទាំងនោះលើបុព្វហេតុជូនជាតិមាតុប្រទេសកម្ពុជា។

គួរឱ្យដឹងដែរថា សពនាយទាហានទាំង២០នាក់កំពុងតម្កល់ធ្វើពិធីបុណ្យនៅក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាកន្លែងដែលផ្ទុះឃ្លាំងស្តុកគ្រាប់ណ្តាលឱ្យពួកគេស្លាប់៕







