អាល្លឺម៉ង់ សម្រេចដកមន្ត្រីទូតចេញពីអ៊ីរ៉ាក់ជាបណ្ដោះអាសន្ន ដោយសារហានិភ័យសន្តិសុខ
ហៀប ស៊ីថេត
មួយថ្ងៃមុន

រដ្ឋធានីប៊ែរឡាំង៖ អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ ប្រកាសថា អាល្លឺម៉ង់បានសម្រេចដកមន្ត្រីបុគ្គលិករបស់ខ្លួន ចេញពីស្ថានទូតក្នុងរដ្ឋធានីបាកដាដ នៃប្រទេសអ៊ីរ៉ាក់ ជាបណ្ដោះអាសន្ន ដោយសារតែការកើនឡើងនូវហានិភ័យសន្តិសុខ ចំពេលជម្លោះនៅតំបន់មជ្ឈិមបូព៌ា កំពុងឆាបឆេះយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយដោយកាសែតរ៉យទ័រនាថ្ងៃទី១០ ខែមីនា។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖«បុគ្គលិកនៃស្ថានទូតអាល្លឺម៉ង់ប្រចាំរដ្ឋធានីបាកដាដ ត្រូវបានផ្លាស់ប្ដូរទីតាំងចេញពីប្រទេសអ៊ីរ៉ាក់ជាបណ្តោះអាសន្ន ដោយសារតែស្ថានភាពនៃការគំរាមកំហែង»។ លោកបន្ថែមថា សុវត្ថិភាពរបស់បុគ្គលិក កំពុងត្រូវបានវាយតម្លៃ និងតាមដានជាបន្តបន្ទាប់។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតនៅតែអាចទាក់ទងបាន ប៉ុន្តែសេវាច្បាប់ និងកុងស៊ុលត្រូវបានរឹតត្បិតយ៉ាងខ្លាំងក្នុងរយៈពេលកន្លងមកនេះ ដោយសារតែស្ថានភាពសន្តិសុខមិនអំណោយផល។ ក្នុងពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ចូហាន់ វ៉ាដេភូល (Johann Wadephul) ដែលកំពុងស្ថិតក្នុងរដ្ឋធានី[នីកូស៊ី]នៃប្រទេសស៊ីប កាលពីយប់ថ្ងៃចន្ទទី៩មីនា​ បានបញ្ជាក់ថា លោកក៏បានពិភាក្សាអំពីស្ថានភាពតំបន់ជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ ផងដែរ៕

លោក ចូហាន់ វ៉ាដេភូល
លោក ចូហាន់ វ៉ាដេភូល
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត