ប្រជាជនក្នុងរដ្ឋធានីតេហេរ៉ង់ ប្រឹងលាក់ខ្លួន ខំរត់គេចគ្រាប់ ឥឡូវត្រូវមករងទឹកភ្លៀងពុល និងខ្យល់ពិបាកដកដង្ហើមថែមទៀត
Mao Sopha
4 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ ផ្សែងខ្មៅយ៉ាងខ្មួលខ្មាញ់ បានសាយភាយពាសពេញរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីឃ្លាំងស្តុកប្រេងដ៏ធំសម្បើម ត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៊ីស្រាអែល កាលពីថ្ងៃ៧ ខែមីនា ឆ្នាំ២០២៦។ ផ្សែងខ្មៅនេះ ធ្វើឱ្យប្រជាជនក្នុងរដ្ឋធានីតេហេរ៉ង់ពិបាកដកដង្ហើមយ៉ាងខ្លាំង។ ក្រោយមក រឿងគាប់ជួនដ៏អាក្រក់មិនស្មានដល់ ក៏ស្រាប់តែកើតឡើងថែមទៀត​​ គឺមានភ្លៀងធ្លាក់ ហើយទឹកភ្លៀងមានជាតិពុលដោយសារផ្សែងខ្មៅ។    

សារព័ត៌មានអន្តរជាតិធំៗ បានចុះផ្សាយពីការប៉ះពាល់ដល់សុខភាពប្រជាជន ដោយសារខ្យល់ពិបាកដកដង្ហើម និងទឹកភ្លៀងមានជាតិពុលក្នុងរដ្ឋធានីតេហេរ៉ង់។ កាសែត Time របស់អាម៉េរិក ចុះផ្សាយដោយផ្អែកលើការអះអាងប្រជាជនមួយចំនួនក្នុងរដ្ឋធានីតេហេរ៉ង់ថា ការបំពុលបរិយាកាស និងទឹកភ្លៀងមានជាតិពុលកើតចេញពីការវាយប្រហារឃ្លាំងស្តុតប្រេងនេះ ធ្វើឱ្យពួកគេរលាកភ្នែក និងមានបញ្ហាស្បែក។

នៅពេលរងការវាយប្រហារភ្លាមៗ ឃ្លាំងស្តុកប្រេងនេះ បានផ្ទុភ្លើងយ៉ាងខ្លាំងក្លា ប្រៀបដូចជាបំផ្ទុះភ្នំភ្លើង ហើយប្រេងបានហូរលើដងផ្លូវនានា និងបានប្តូរទិដ្ឋភាពផ្លូវទាំងអស់នោះ ដែលធ្លាប់តែពោរពេញដោយរថយន្ត បែរជាឃើញសុទ្ធតែអណ្តាតភ្លើងទៅវិញ។ សារព័ត៌មាន Al Jazeera ផ្សព្វផ្សាយវីដេអូលើទំព័រហ្វេសប៊ុករបស់ខ្លួន ភ្ជាប់ជាមួយសំណេរថា អណ្តាតភ្លើងដែលឆេះតាមទីតាំងនានា ដោយសារការហូរប្រេងចេញពីឃ្លាំងនេះ មិនទាន់រលត់នោះទេ។

បរិយាកាសអាប់អួរ ខ្យល់ពិបាកដកដង្ហើម និងទឹកភ្លៀងមានជាតិពុល គឺជាទម្ងន់នៃទុក្ខលំបាកមួយកម្រិតបន្ថែមទៀត ធ្លាក់ទៅលើប្រជាជនក្នុងរដ្ឋធានីតេហេរ៉ង់ ដែលកំពុងរងគ្រោះដោយសារគ្រាប់មីស៊ីលស្រាប់ទៅហើយ។ មិនមែនតែក្នុងរដ្ឋធានីតេហេរ៉ង់ឡើយ ប្រជាជនអ៊ីរ៉ង់ក្នុងទីក្រុង និងតំបន់ជាច្រើនទៀត ក៏ត្រូវរស់នៅទាំងភិតភ័យ និងរត់ត្រណាត់ត្រណែងរាល់ថ្ងៃដែរ ដើម្បីគេចគ្រាប់។ គិតមកដល់ពេលនេះ ទីក្រុងរបស់អ៊ីរ៉ង់ដល់ទៅជាង១០០ឯណោះ ដែលរងការវាយប្រហាររួមគ្នាដោយអាម៉េរិក និងអ៊ីស្រាអែល៕   

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត