អាម៉េរិក ត្រៀមបញ្ជូននាវាចម្បាំងហែហមនាវាដឹកប្រេងនៅច្រកសមុទ្ទ Hormuz ដើម្បីទប់ស្កាត់វិបត្តិថាមពល
ហៀប ស៊ីថេត
13 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីថាមពលអាម៉េរិក បានប្រកាសនៅថ្ងៃទី៧ ខែមីនាថា កងទ័ពជើងទឹកអាម៉េរិកកំពុងត្រៀមលក្ខណៈដើម្បីហែហមនាវាដឹកពាណិជ្ជកម្មនានា ដែលឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស (Hormuz) ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីផ្លូវរបៀងនាវាចរណ៍ដ៏សំខាន់នៅមជ្ឈិមបូព៌ាមួយនេះត្រូវបានកាត់ផ្ដាច់ ដោយសារប្រតិបត្តិការសង្គ្រាមរួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែល ដើម្បីកម្ទេចរបបអ៊ីរ៉ង់។

រដ្ឋមន្ត្រីថាមពលអាម៉េរិក លោក គ្រីស រ៉ាយត៍ (Chris Wright) បានបញ្ជាក់ថា អាម៉េរិកនឹងធ្វើសកម្មភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យវិស័យថាមពលមានចលនាឡើងវិញ ខណៈច្រកសមុទ្ទនេះគឺជាផ្លូវឆ្លងកាត់នៃប្រេងឆៅ និងឧស្ម័នធម្មជាតិ ប្រហែល១ភាគ៥ របស់ពិភពលោក។ ភ្លើងសង្គ្រាមដែលបានអូសបន្លាយរយៈពេលមួយសប្តាហ៍នេះ បានធ្វើឱ្យតម្លៃប្រេងឆៅហក់ឡើងខ្ពស់បំផុតក្នុងរយៈពេលជិត ២ឆ្នាំ ដែលបង្កជាក្ដីបារម្ភអំពីការកើនឡើងនៃអតិផរណាដល់សេដ្ឋកិច្ចពិភពលោក ខណៈ នៅអាម៉េរិកតម្លៃសាំងបានកើនឡើងប្រហែល១១ភាគរយ ត្រឹមតែមួយសប្តាហ៍នៃរយៈពេលសង្គ្រាមនេះ។  

លោក គ្រីស រ៉ាយត៍
លោក គ្រីស រ៉ាយត៍

បើយោងតាមរបាយការណ៍ពីក្រុមហ៊ុនធនាគារផ្តល់សេវាវិនិយោគ JP Morgan នាវាពាណិជ្ជកម្មស្ទើរតែគ្មានសកម្មភាពសោះនៅច្រកសមុទ្ទហ័រមូស្ស ដោយសារការភ័យខ្លាចការវាយប្រហារសងសឹកពីសំណាក់អ៊ីរ៉ង់។ យ៉ាងណា ទន្ទឹមនឹងសង្គ្រាមនេះ អាម៉េរិកបានសម្រេចចិត្តផ្ដល់ការលើកលែងទណ្ឌកម្មជាបណ្ដោះអាសន្នដល់ឥណ្ឌា ដើម្បីទិញប្រេងពីរុស្ស៊ី​ ស្របពេលតម្លៃប្រេងកំពុងហក់ឡើងយ៉ាងគំហុក ជាពិសេសនៅទ្វីបអាស៊ី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត