ទិវាវប្បធម៌ជាតិ៖ សម្តេច ហ៊ុន សែន ជំរុញឲ្យយុវជនខិតខំបង្កើត និងបង្កើនស្នាដៃវប្បធម៌ដោយផ្អែកលើអត្តសញ្ញាណជាតិ
SoKeng
22 កុម្ភៈ 2022 10:00 AM

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានចេញសារាចរណែនាំស្តីពីការរៀបចំទិវាវប្បធម៌៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»។ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់ដែលតែងតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បី​រំលឹក​ដល់​គុ​ណុ​បការៈបុព្វបុរសខ្មែរដែលបានពលី ​និង​បង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប​សម្រាប់​អ្នកជំនាន់ក្រោយ។  

នាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកថា ទិវាវប្បធម៌ជាតិនេះគឺ​ជា​ឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិក្នុងចំណោមពលរដ្ឋខ្មែរគ្រប់រូប។ ជាពិសេសក្នុងស្រទាប់យុវជនដែលត្រូវបន្តវេនអភិរក្ស លើកស្ទួយតម្លៃ និងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីការពារ និងអភិរក្សវប្បធម៌ជាតិ សម្តេច ហ៊ុន សែន បានជំរុញឲ្យមានការចូលរួមពីយុវជន ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ  ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ។ សម្តេចលើកទឹកចិត្តឲ្យយុវជនចូលរួមក្នុងការសិក្សាស្រាវជ្រាវ ដើម្បីចងក្រងរក្សាទុកឲ្យបានគង់វង្សនូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ។

ជាមួយគ្នានេះសម្តេចបានជំរុញឲ្យពលរដ្ឋ និងយុវជនត្រូវខិតខំបង្កើត និងបង្កើនស្នាដៃវប្បធម៌ថ្មីៗឲ្យកាន់តែមានភាពច្នៃប្រឌិតដោយផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ ក្នុងគោលបំណងលើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីរួមចំណែកអភិរក្សសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ប្រមុខរាជរដ្ឋាភិបាលបានស្នើឲ្យអន្តរក្រសួងដែលពាក់ព័ន្ធ ស្ថាប័ន សាលារៀន រោងចក្រ សហគ្រាសរដ្ឋនិងឯកជន និងវត្តអារាម គឺត្រូវរួមគ្នាផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវវប្បធម៌ជាតិ ទាំងនៅលើទីតាំងផ្ទាល់ ឬុមធ្យោបាយផ្សេងៗ និងតាមបណ្តោញសង្គម។ លើសពីនេះសម្តេចស្នើឲ្យក្រសួងការបរទេស ត្រូវណែនាំដល់គ្រប់ឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុលស៊ុលកិត្តិយសនៃកម្ពុជាប្រចាំនៅក្រៅបរទេស ឲ្យចូលរួមរៀបចំកម្មវិធីដើម្បីអបអរទិវាវប្បធម៌នេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត