អបអរសាទរ! ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»
អុន សម្ផស្ស
03 មីនា 2023 03:00 AM

រាជធានីភ្នំពេញ៖ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរស ខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិតក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣នេះ បន្តធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។

«យុវជនដើម្បីវប្បធម៌ជាតិ»គឺជាប្រធានបទដែរក្រសួងវប្បធម៌បានប្រើប្រាស់ចាប់តាំងពីឆ្នាំ២០១៥ មករហូតមកដល់ឆ្នាំ២០២៣នេះ ហើយការប្រើប្រាស់ប្រធានបទនេះ ក្នុងគោលបំណងជំរុញឱ្យប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសយុវជនដែលជាអ្នកបន្តវេនបានចូលរួមសកម្មភាពអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ។

ម្យ៉ាងវិញទៀត ទិវាវប្បធម៌ជាតិ បង្កើនការយល់ដឹងអំពីតម្លៃពិតនៃវប្បធម៌ជាតិ និងភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារនិងកាលានុវត្តភាពសម្រាប់ទាញយកប្រាក់ចំណូល ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើនសេវានិងផលិតផលវប្បធម៌ក្នុងគោលដៅពាណិជ្ជកម្ម និងទេសចរណ៍។ ហើយទិវានេះនឹងជំរុញប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនឱ្យខិតខំបង្កើតនិងបង្កើនស្នាដៃវប្បធម៌ថ្មីៗឱ្យកាន់តែមានភាពច្នៃប្រឌិត ដោយផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ ក្នុងគោលបំណងលើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

 ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយ ដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណង ធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីប្រមាណជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត