
រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីប្រមាណជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ។
ទិវាវប្បធម៌ជាតិឆ្នាំនេះ បានរៀបចំឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» ដូចឆ្នាំមុនៗដែរ ដើម្បីជំរុញឱ្យយុវជនចូលរួមយ៉ាងសកម្មថែមទៀតលើការងារថែរក្សាវប្បធម៌ជាតិ។ ម្យ៉ាង ទិវានេះរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញា និងអាយុជីវិតក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
យ៉ាងណាមិញ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិវប្បធម៌ទំនៀមទម្លាប់ប្រពៃណី និងអត្តសញ្ញាណជាតិក្នុងចំណោមប្រជាជនខ្មែរគ្រប់រូបក្នុងគោលបំណងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
រាជរដ្ឋាភិបាល បានសម្រេចយកឱកាសនេះក្នុងការជួបជាមួយបងប្អូនអ្នកសិល្បៈគ្រប់ទម្រង់ ដើម្បីស្វែងយល់អំពីគ្នាទៅវិញទៅមកជាពិសេសរវាងប្រមុខរាជរដ្ឋាភិបាល និងសិល្បករសិល្បការិនី ដើម្បីរិះរកវិធី និងជំរុញការអភិវឌ្ឍវិស័យសិល្បៈវប្បធម៌របស់កម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀត៕





