
រាជធានីភ្នំពេញ៖ ក្រោយកម្ពុជាសម្រេចបានកំណើនផលិតកម្មស្រូវក្នុងឆ្នាំ២០២៥ និងទទួលកិត្តិយសខ្ពង់ខ្ពស់លើឆាកអន្តរជាតិ កាសែតថៃ បែរជាចុះផ្សាយព័ត៌មានជាភាសាអង់គ្លេស លាបពណ៌ ចោទថា ប្រើជីគីមីទើបផលិតកម្មស្រូវកើនឡើងបែបនេះ..។

ក្រសួងកសិកម្មកម្ពុជា តាមរយៈអ្នកនាំពាក្យនៅល្ងាចថៃសុក្រទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានទាត់ចោលការចុះផ្សាយរបស់កាសែតថៃ ដែលចុះផ្សាយផ្ទុយពីការពិតនេះ។ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មកម្ពុជា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅល្ងាចថ្ងៃសុក្រនេះថា ថ្មីៗនេះ សារព័ត៌មានថៃ បានចុះផ្សាយអំពីរបាយការណ៍ Rice Outlook–February ២០២៦ របស់ក្រសួងកសិកម្មអាម៉េរិក (USDA) ដែលបង្ហាញពីការកើនឡើងនៃបរិមាណផលស្រូវរបស់កម្ពុជា និងបានសន្និដ្ឋានថា កំណើននេះ គឺដោយសារការបង្កើនការប្រើប្រាស់ជី និងការប្រើប្រាស់ពូជស្រូវ Hybrid។ លោកពណ៌នាថា ផ្ទុយពីរបាយការណ៍លើកឡើង កាសែតថៃនោះ បែរជាបានបន្ថែមពាក្យ «ជីគីមី» ដែលប្រាសចាកពីរបាយការណ៍ដើមរបស់ក្រសួងកសិកម្មអាម៉េរិក។

លោក ឃឹម ហ្វីណង់ ចាត់ទុកការចុះផ្សាយរបស់កាសែតថៃនេះ៖«មានចេតនាបង្កឱ្យមានការយល់ឃើញជាអវិជ្ជមានមកលើការប្រើប្រាស់ធាតុចូលក្នុងវិស័យកសិកម្ម ព្រមទាំងអាចប៉ះពាល់ដល់ប្រជាកសិករ និងទីផ្សារកសិផលរបស់កម្ពុជា»។ អ្នកនាំពាក្យក្រសួងកសិកម្ម បំភ្លឺថា ផ្ទុយមកវិញ ទិន្នន័យផ្លូវការបានបង្ហាញថា ការនាំចូលជីកសិកម្មរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៥ មានការធ្លាក់ចុះ។ ម៉្យាងវិញទៀត កម្ពុជាក៏មិនមានការអនុវត្តដាំដុះប្រភេទពូជស្រូវ Hybrid នោះដែរ។ ការអភិវឌ្ឍវិស័យកសិកម្មរបស់យើង គឺពឹងផ្អែកលើប្រភេទពូជស្រូវធម្មតា (Non-hybrid varieties) ដែលត្រូវបានកែលម្អ និងមានការប្រើប្រាស់ជាយូរមកហើយ។ ចំពោះផលិតកម្មស្រូវរបស់កម្ពុជា កើនឡើងប្រមាណ១លានតោន ក្នុងឆ្នាំ២០២៥ គឺកើតចេញពីការពង្រីកផ្ទៃដីដាំដុះ ភាពប្រសើរឡើងនៃបច្ចេកទេសដាំដុះ និងការគ្រប់គ្រងសមាសភាពចង្រៃ ភាពអំណោយផលល្អនៃរបាយទឹកភ្លៀង និងការកាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីកត្តាអាកាសធាតុ ជាជាងមកពីការដាំដុះប្រភេទពូជ Hybrid ឬការកើនឡើងនៃការប្រើប្រាស់ជីកសិកម្ម៕





