
រាជធានីភ្នំពេញ៖ ក្រោយឃ្លាតចាកឆ្ងាយពីទឹកដីកំណើតជាច្រើនសតវត្សរ៍ ទីបំផុតវត្ថុបុរាណខ្មែរចំនួន៧៤រូប បានវិលត្រឡប់មកដែលដីកម្ពុជាវិញហើយ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសនៅថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៦ នេះថា អនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ២០២០ គ្រួសារលោក ឌូគ្លាស ឡាចហ្វដ (Douglas Latchford) នៅឯប្រទេសអង់គ្លេស បានបញ្ជូនត្រឡប់វត្ថុបុរាណដ៏ច្រើននេះ មកកម្ពុជាវិញ...។

តាមក្រសួងវប្បធម៌ វត្ថុបុរាណដែលបញ្ជូនត្រឡប់នាពេលនេះ សុទ្ធតែជាវត្ថុសិល្បៈមានអាយុកាលតាំងពីសម័យមុនអង្គរ រហូតដល់សម័យរុងរឿងនៃចក្រភពអង្គរ មានជាអាទិ៍ បដិមាដ៏ល្អឯកសាងពីថ្មភក់ និងលោហធាតុ ព្រមទាំងវត្ថុប្រើប្រាស់ ក្នុងកិច្ចពិធីផ្សេងៗ។ ក្នុងចំណោមវត្ថុសំខាន់ៗទាំង៧៤រូប ក្រសួងពណ៌នាថា មានបដិមាដ៏ពិចិត្រចំនួន២ សាងពីថ្មភក់នាដើមសម័យអង្គរ ស្ថិតក្នុងរវាង៥០ឆ្នាំដំបូងនៃសតវត្សរ៍ទី៩ ក្នុងរាជព្រះបាទជ័យវរ្ម័នទី២ ដែល លោក ឡាចហ្វដ អះអាងថា មានប្រភពដើមមកពីភ្នំគូលែន។ បដិមាទេពប្រុស និងទេពស្រីនេះ ត្រូវបានចាត់ទុកជាស្នាដៃសិល្បៈគំរូមួយ ដែលត្រូវបានសាងក្នុងដំណាក់កាលដំបូងនៃការបង្កើតចក្រភពអង្គរ ហើយជាញឹកញាប់ត្រូវបានគេហៅថា «បដិមាមួយគូ»។ ជាមួយគ្នា ផ្អែកតាមភស្តុតាងនានា បញ្ជាក់ថា បដិមាទេពស្រីជាវត្ថុបុរាណដ៏កម្រមួយនៃរចនាបថគូលែន។

ក្រៅតែពី «បដិមាមួយគូ» នេះ ក្រសួងបញ្ជាក់ថា មានព្រះសិរ្សព្រះព្រហ្ម សាងពីថ្មភក់ និងបដិមាយក្ស (រាក្ស័ស) មកពីតំបន់ប្រាសាទកោះកេរ។ ព្រះសិរ្សព្រះព្រហ្ម ដែលមានទម្រង់ព្រះភក្ត្រស្ងប់ និងពោរពេញដោយអំណាច ដើមឡើយជាប់ជាមួយនឹងដងខ្លួនស្ថិតក្នុងប្រាសាទធំមួយ ដែលបង្ហាញពីទស្សនៈលោកធាតុ និងភាពប្រណិតនៃរចនាបថកោះកេរ។ ក្នុងចំណោមវត្ថុបុរាណដដែលនេះ ក៏មានវត្ថុពិចិត្រមួយទៀត គឺបដិមាសំរិទ្ធរចនាបថបាខែង ដែលជាស្នាដៃឯកបង្ហាញពីការវិវត្តផ្នែកបដិមាសាស្ត្រនា ដើមសម័យអង្គរ។

ចំពោះមុខនៃការទទួលវត្ថុដ៏មានតម្លៃរបស់ជាតិ ក្រសួងអះអាងថា៖«វត្ថុទាំង៧៤នេះ ពុំមែនគ្រាន់តែជាស្នាដៃសិល្បៈទេ តែជាសាក្សីរស់នៃបញ្ញាញាណ និងទេពកោសល្យរបស់បុព្វបុរស និងដួងព្រលឹងនៃអារ្យធម៌ខ្មែរ»។ ក្នុងន័យនេះ ក្រសួងចាត់ទុកការបញ្ជូនត្រឡប់មកវិញនូវមរតកវប្បធម៌ខ្មែរ ក្នុងចំនួនដ៏ច្រើននេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បន្ទាប់ពីការបញ្ជូនវត្ថុបុរាណខ្មែរសំខាន់ៗមួយចំនួនពីគ្រួសារ លោក ឡាចហ្វដ កាលពីឆ្នាំ២០២១ និងឆ្នាំ២០២៣ តាមរយៈកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ដើម្បីប្រមូលមកវិញ ថែរក្សា និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។

អស់ជាច្រើនទសវត្សរ៍កន្លងមក រតនវត្ថុជាច្រើនបានឃ្លាតចាកឆ្ងាយពីមាតុភូមិក្នុងអំឡុងពេលសង្គ្រាម និងចលាចលក្នុងប្រទេស។ ការវិលត្រឡប់មកវិញនៃរតនវត្ថុទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរកយុត្តិធម៌សម្រាប់មរតកវប្បធម៌របស់ខ្លួន និងបញ្ជូនសារយ៉ាងច្បាស់ទៅកាន់សកលលោកថា ប្រជាជនកម្ពុជា បន្តរួមគ្នាជាធ្លុងមួយក្នុងការការពារថែរក្សាសម្បត្តិវប្បធម៌ជាតិ។ ក្រសួងវប្បធម៌ បញ្ជាក់ជាថ្មីពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួន ក្នុងការថែរក្សាការពារ និងលើកស្ទួយបេតិកភណ្ឌវប្បធម៌បុរាណសម្រាប់មនុស្សជំនាន់ក្រោយ និងសម្រាប់មនុស្សជាតិទាំងមូល៕







