មនុស្ស៨១នាក់ត្រូវអាជ្ញាធរចាប់ខ្លួន នៅទីតាំងឆបោកលុយក្នុងបុរីប៉េងហួត
ហាក់ អ៊ីឌី
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ មនុស្សប្រុសស្រី៨១នាក់ ដែលសុទ្ធសឹងជាជនបរទេស ត្រូវបានអាជ្ញាធរឃាត់ខ្លួននៅទីតាំងឆបោកលុយឆ្លងប្រទេស (Online Scams) ក្នុងបុរីប៉េងហួត ផ្ទះលេខ៧៩ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦កុម្ភៈ...។ 

របាយការណ៍ពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានគូសបញ្ជាក់យ៉ាងថា ដោយមានការសម្របសម្រួលនីតិវិធីផ្នែកច្បាប់ ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកយុទ្ធនាការអង្កេតស្រាវជ្រាវ លបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពលួងលោមស្នេហា (Romance Scams) ព្រមទាំងធ្វើការចាប់ខ្លួនជនបរទេស៨១នាក់ ក្នុងនោះមានជនជាតិចិនចំនួន៧២នាក់ និងជនជាតិមីយ៉ាន់ម៉ាចំនួន៩នាក់។

ជាមួយគ្នា សមត្ថកិច្ចបានដកហូតវត្ថុតាង ដែលបម្រើឱ្យការប្រព្រឹត្តិពបទល្មើសមួយចំនួនធំផងដែរ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ បន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត