កូនប្រុសអតីតមេដឹកនាំផ្តាច់ការហ្កាដាហ្វ៊ីស្លា.ប់ក្នុងថ្លុ.ក.ឈា.ម ខណៈរុស្ស៊ីទាមទារឱ្យវែកមុខឃាតក
N
Nary Vann
05 កុម្ភៈ 2026 03:15 AM

រដ្ឋធានីទ្រីប៉ូលី៖ មន្ត្រីការិយាល័យមេធាវីច្បាប់នៃប្រទេសលីប៊ី បញ្ជាក់ថា លោក ស៊ីហ្វ អាល់-ឥស្លាម ហ្កាដាហ្វី កូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការ លោក មូអាម៉ា ហ្កាដាហ្វី (Muammar Gaddafi) ត្រូវបានគេបាញ់សម្លាប់នៅក្នុងទីក្រុងហ្ស៊ីនតាន់ Zintan ស្ថិតនៅចម្ងាយប្រមាណ១៣៦គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានីទ្រីប៉ូលី...។

លោក ស៊ីហ្វ អាល់-ឥស្លាម ហ្កាដាហ្វី (Mr.Saif al-Islam Gaddafi)
លោក ស៊ីហ្វ អាល់-ឥស្លាម ហ្កាដាហ្វី (Mr.Saif al-Islam Gaddafi)

លោក ស៊ីហ្វ អាល់-ឥស្លាម វ័យ៥៣ឆ្នាំ ធ្លាប់ជាបុគ្គលមានឥទ្ធិពលបំផុតទីពីរក្នុងប្រទេស ត្រូវបានគេរាយការណ៍ថា បានស្លាប់ ដោយត្រូវគ្រាប់កាំភ្លើងពីការបាញ់ប្រហាររបស់ខ្មាន់បិទមុខ៤នាក់ ដែលបានសម្រុកចូលទៅក្នុងផ្ទះ ផ្ដាច់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព មុននឹងបើកការវាយប្រហារយ៉ាងសន្ធាប់លើជនរងគ្រោះ។ ដោយឡែក បងស្រីរបស់លោក ស៊ីហ្វ អាល់-ឥស្លាម បានប្រាប់ទូរទស្សន៍លីប៊ីខុសពីនេះថា លោកស៊ីហ្វ អាល់-ឥស្លាម បានស្លាប់នៅក្បែរព្រំដែនជាមួយប្រទេសអាល់ហ្សេរីទៅវិញ។ បច្ចុប្បន្ន ការិយាល័យប្រល័យពូជសាសន៍លីប៊ី កំពុងស្វែងរកជនសង្ស័យ និងបានបញ្ជូនអ្នកជំនាញកោសល្យវិច័យទៅកាន់កន្លែងកើតហេតុ ខណៈលោក ខាល់លីដ អាល់-មីស្រ៊ី (Mr.Khaled al-Mishri) អតីតប្រធានក្រុមប្រឹក្សារដ្ឋជាន់ខ្ពស់ បានទាមទារឱ្យមានការស៊ើបអង្កេតបន្ទាន់ និងមានតម្លាភាព។

កាលពីឆ្នាំ២០១១ លោក ស៊ីហ្វ អាល់-ឥស្លាម ធ្លាប់ត្រូវបានគេចាត់ទុកថា ជាអ្នកកែទម្រង់និយមខាងលិច ប៉ុន្តែក្រោយមកលោកបានងាកមកគាំទ្រការបង្ក្រាបបាតុកម្មរបស់ឪពុកលោកយ៉ាងចាស់ដៃ រហូតដល់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ បន្ទាប់ពីឪពុករបស់លោកត្រូវបានផ្ដួលរំលំដោយជំនួយពីអង្គការណាតូ ក្នុងឆ្នាំ២០១១ លោកត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ មុននឹងត្រូវបានដោះលែងក្នុងឆ្នាំ២០១៧ ក្រោមច្បាប់លើកលែងទោស។ បន្ទាប់ពីមានសេរីភាពឡើងវិញ លោកបានព្យាយាមវិលត្រឡប់មកឆាកនយោបាយវិញ តាមរយៈការឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០២១ ប៉ុន្តែត្រូវបានគេផាត់ចេញ ធ្វើឱ្យលោកក្លាយជាតួអង្គដ៏ចម្រូងចម្រាសបំផុតមួយ។

ជុំវិញសោកនាដកម្មនេះ រដ្ឋាភិបាលរុស្ស៊ីដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ត្រកូល ហ្កាដាហ្វី បានចេញមុខថ្កោលទោសយ៉ាងដាច់អហង្ការ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាហ្ការ៉ូវ៉ា (Ms.Maria Zakharova) បានថ្លែងថា៖«យើងសូមថ្កោលទោសចំពោះឧក្រិដ្ឋកម្មនេះ ក្នុងកម្រិតធ្ងន់ធ្ងរបំផុត។ វាជាការចាំបាច់ណាស់ដែលត្រូវតែមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងតម្លាភាពជាបន្ទាន់ ហើយអ្នកដែលនៅពីក្រោយរឿងនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។ រុស្ស៊ីក៏បានសម្ដែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារសព និងបានព្រមានថា មរណភាពនេះ អាចនឹងបំផ្លាញឱកាសនៃសន្តិភាព និងស្ថិរភាពដែលលីប៊ីកំពុងព្យាយាមស្វែងរក។

ក្រុមអ្នកវិភាគបានព្រមានថា ការធ្វើឃាតនេះអាចនឹងដុតបញ្ឆេះកំហឹងរបស់ក្រុមអ្នកគាំទ្រត្រកូលហ្កាដាហ្វី ឱ្យងើបឡើងវិញ ដែលអាចធ្វើឱ្យសង្គ្រាមស៊ីវិលអូសបន្លាយជាង១៥ឆ្នាំមកនេះ កាន់តែមានភាពស្មុគស្មាញ និងពិបាកក្នុងការបង្រួបបង្រួមជាតិ។ បច្ចុប្បន្ន ព្រះរាជអាជ្ញាកំពុងបើកការស៊ើបអង្កេតបន្ទាន់ ដើម្បីវែកមុខរកអ្នកនៅពីក្រោយខ្នងនៃប្រតិបត្តិការសម្លាប់មេដឹកនាំរូបនេះ ខណៈកៅអីបេក្ខភាពប្រធានាធិបតីដែលលោកធ្លាប់ប្រាថ្នា ក៏ត្រូវបានរលាយបាត់ទៅតាមរូបកាយរបស់លោកផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត