
អាជ្ញាធរនៅភាគខាងកើតប្រទេសលីប៊ី បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់២ពាន់នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់ដ៏ធំបានបោកផ្ទប់ពេញទីក្រុងដឺណា (Derna) ក្រោយមានខ្យល់ព្យុះ និងភ្លៀងធ្លាក់យ៉ាងគំហុក...។

លោក អាម៉េត មីស្មារី (Ahmed Mismari) អ្នកនាំពាក្យនៃកងទ័ពជាតិលីប៊ី (LNA) ដែលគ្រប់គ្រងភាគខាងកើតប្រទេសលីប៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា៖«គ្រោះមហន្តរាយនេះ បានកើតឡើងបន្ទាប់ពីទំនប់ទឹកនៅតំបន់ខាងលើនៃទីក្រុងដឺណា បានស្រុតរលំ រួចក៏បានហូរកួចសង្កាត់ទាំងមូល រួមជាមួយនឹងអ្នកស្រុកចូលទៅក្នុងលំហសមុទ្ទ»។ លោកបានកំណត់ថា ចំនួនអ្នកកំពុងបាត់ខ្លួនមានប្រមាណ៥០០០ ទៅ៦០០០នាក់។

ជុំវិញហេតុការណ៍ដ៏រន្ធត់នេះ លោក អូសាម៉ា ហាម៉ាតើ (Osama Hamad) ប្រធានរដ្ឋបាលដែលមានមូលដ្ឋានស្របគ្នាភាគខាងកើត បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា មនុស្សជាង២០០០នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន។ ជាចុងក្រោយ ក្រុមប្រឹក្សាប្រធានាធិបតីបីនាក់ ដែលមានតួនាទីជាប្រមុខរដ្ឋនៅក្នុងប្រទេស បានស្នើឱ្យសហគមន៍អន្តរជាតិជួយ ដោយលើកឡើងថា៖«យើងសូមអំពាវនាវដល់ប្រទេសជាបងប្អូន និងជាមិត្ត និងអង្គការអន្តរជាតិឱ្យផ្តល់ជំនួយ»៕






