ទឹកជំនន់នៅលីប៊ី៖មនុស្សជាង៥ពាន់នាក់ស្លា.ប់និង១ម៉ឺននាក់ទៀតបាត់ខ្លួន
ម៉េងហុង
13 កញ្ញា 2023 02:00 AM

មនុស្សជាង៥ពាន់នាក់ត្រូវបានគេសន្មត់ថាស្លាប់និង១ម៉ឺននាក់ទៀតបាត់ខ្លួនបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅភាគឦសានប្រទេសលីប៊ី បណ្តាលឱ្យទំនប់វារីអគ្គិសនីចំនួន ២បាក់ធ្វើឱ្យកម្ពស់ទឹកនៅតំបន់ដែលជន់លិចរួចទៅហើយ បានហក់ឡើងកាន់តែខ្ពស់។

លោក តាមឺរ រ៉ាម៉ាដាន (Tamer Ramadan) ប្រធានកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅក្នុងប្រទេសលីប៊ី បានផ្តល់ទិន្នន័យអំពី អ្នកបាត់ខ្លួន ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានខ្លីមួយ ដល់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ លោក​បាន​និយាយ​ថា​ ​ចំនួន​អ្នក​ស្លាប់​គឺ​ច្រើន​ណាស់​។ បន្ថែមពីនោះ លោកបានប្រាប់អ្នកយកព័ត៌មានតាមរយៈតំណភ្ជាប់វីដេអូថា៖«យើងអាចបញ្ជាក់បានពីប្រភពឯករាជ្យរបស់យើងនៃព័ត៌មានថាចំនួនអ្នកបាត់ខ្លួនកំពុងកើនឡើងដល់ ១ ម៉ឺននាក់មកទល់ពេលនេះ»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ LANA បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៥៣០០ នាក់ត្រូវបានគេប៉ាន់ស្មានថាស្លាប់។ នេះបើយោងទៅតាមក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលភាគខាងកើតនៃប្រទេសលីប៊ី។ នៅទីក្រុងឌ័រណា (Derna) ភាគខាងកើត ដែលរងការបំផ្លិចបំផ្លាញដ៏អាក្រក់បំផុត មនុស្សរហូតដល់ ៦០០០នាក់នៅតែបាត់ខ្លួន។ នេះបើតាមលោក អូថមែន អាប់ឌុលចាលីល (Othman Abduljalil) រដ្ឋមន្ត្រីសុខាភិបាលនៅរដ្ឋបាលភាគខាងកើតនៃប្រទេសលីប៊ី បានប្រាប់ទូរទស្សន៍ Almasar របស់ប្រទេសលីប៊ី។ លោកបានហៅស្ថានភាពនេះថាជា មហន្តរាយ នៅពេលដែលលោកបានទៅទស្សនាទីក្រុងកាលពីថ្ងៃចន្ទ។

នៅក្នុងទីក្រុងឌ័រណា ដែលជាទីក្រុងដែលមានប្រជាជនរស់នៅប្រហែល ១២៥ ០០០ នាក់។ អ្នកសារព័ត៌មានរ៉យទ័រ បានឃើញសាកសពជាច្រើនដាក់នៅលើដីក្នុងមន្ទីរពេទ្យ។ មនុស្សម្នាបាននាំគ្នាមកចំណាំសាកសព ដោយព្យាយាមកំណត់អត្តសញ្ញាណសមាជិកគ្រួសារដែលបាត់ខ្លួន។ ទីក្រុងភាគខាងកើតផ្សេងទៀត រួមទាំងទីក្រុងធំជាងគេទីពីររបស់លីប៊ីគឺទីក្រុងបេងហ្គាហ្ស៊ី (Benghazi) ក៏រងការវាយប្រហារដោយព្យុះផងដែរ។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បានបញ្ជាក់ថា ក្រុមឆ្លើយតបគ្រាអាសន្នត្រូវបានប្រមូលផ្តុំ ដើម្បីជួយដល់ប្រតិបត្តិការសង្គ្រោះ។ ខណៈដែលប្រទេសតួកគី និងប្រទេសផ្សេងទៀតបានប្រញាប់ប្រញាល់ផ្តល់ជំនួយដល់ប្រទេសលីប៊ី រួមទាំងរថយន្តស្វែងរក និងជួយសង្គ្រោះ ទូកជួយសង្គ្រោះ ម៉ាស៊ីនភ្លើង និងអាហារ។

មេដឹកនាំពិភពលោកជាច្រើនបានផ្ញើសាររំលែកទុក្ខដល់ប្រទេសលីប៊ី។ សម្តេចប៉ាបហ្វ្រង់ស៊ីស (Francis) ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោក ដែលបង្ហាញការសោកស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់ និងការបំផ្លិចបំផ្លាញនៅក្នុងប្រទេសលីប៊ី។ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃឌិន បានផ្ញើសាររំលែកទុក្ខរបស់គាត់ ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងបញ្ជូនមូលនិធិសង្គ្រោះបន្ទាន់ទៅអង្គការសង្គ្រោះ។ ជាមួយគ្នានោះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូចារីក (Stephane Dujarric) បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស បានបង្ហាញពីសាមគ្គីភាពរបស់គាត់ជាមួយប្រជាជនលីប៊ី ហើយបានបញ្ជាក់ថា អង្គការសហប្រជាជាតិកំពុងធ្វើការជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីទទួលបានជំនួយមនុស្សធម៌ដែលត្រូវការជាបន្ទាន់ដល់ប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់។

គួរបញ្ជាក់ថា ប្រទេសលីប៊ីត្រូវបានពុះចែកការគ្រប់គ្រងដោយមេដឹកនាំជាពីរ គឺរវាងភាគខាងកើត និងខាងលិចដែលបង្កឡើងដោយសង្គ្រាមស៊ីវិល ហើយសេវាសាធារណៈក៏ធ្វើការដាច់ពីគ្នាដែរ ចាប់តាំងពីការបដិវដ្តក្នុងឆ្នាំ ២០១១ ដែលបានជំរុញឱ្យមានជម្លោះជាតិសាសន៍ជាច្រើនឆ្នាំ។ រដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅទីក្រុងទ្រីប៉ូលី មិនគ្រប់គ្រងតំបន់ភាគខាងកើតទេ ប៉ុន្តែបានបញ្ជូនជំនួយទៅកាន់ទីក្រុង Derna ដោយមានជើងហោះហើរសង្គ្រោះយ៉ាងហោចណាស់ម្ដង ចាកចេញពីទីក្រុង Misrata ភាគខាងលិចកាលពីថ្ងៃអង្គារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត