
រដ្ឋធានីប៉េកាំង៖ តុលាការចិន កាលពីថ្ងៃទី២ខែកុម្ភៈនេះ បានសម្រេចផ្ដន្ទាទោសអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ថាង យីជុន (ភាសាចិន៖唐一君) ឱ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីរកឃើញថា លោកបានទទួលសំណូកសរុបជិត២០លានដុល្លារអាម៉េរិក ក្នុងអំឡុងពេលកាន់តំណែងជាងមួយទសវត្សរ៍...។

តាមការបញ្ជាក់ពីតុលាការមជ្ឈិមហ្សាវមិន លោក ថាង ដែលមានវ័យ៦៤ឆ្នាំ បានប្រើប្រាស់អំណាច និងតួនាទីរបស់ខ្លួន តាំងពីឆ្នាំ២០០៦ ដល់២០២២ ដើម្បីជួយសម្រួលដល់ក្រុមហ៊ុន និងបុគ្គលនានា ក្នុងការទទួលបានដីធ្លី កម្ចីធនាគារ និងការចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈ ជាថ្នូរនឹងការទទួលប្រាក់សំណូកសរុប១៣៧លានយ័ន។ ទោះបីជាចំនួនទឹកប្រាក់ពុករលួយនេះ បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍រដ្ឋ និងប្រជាជនក៏ដោយ ប៉ុន្តែតុលាការបានសម្រេចត្រឹមទោសជាប់គុកអស់មួយជីវិត ដោយសារជនជាប់ចោទបានសារភាពកំហុស បង្ហាញការស្ដាយក្រោយ និងផ្ដល់កិច្ចសហការល្អក្នុងការស៊ើបអង្កេត។

គួររំឭកថា លោក ថាង គឺជាអតីតរដ្ឋមន្ត្រីយុត្តិធម៌ទី២ហើយ ដែលត្រូវបានកាត់ទោស បន្ទាប់ពីលោក ហ្វូ ជើងហ្វា (Mr.Fu Zhenghua) កាលពីឆ្នាំ២០២២។ ចំណាត់ការដ៏ក្ដៅគគុកនេះ កើតឡើងស្របពេលរដ្ឋបាល លោក ស៊ី ជិនពីង កំពុងសម្រុកយុទ្ធនាការកម្ចាត់អំពើពុករលួយ ដែលថ្មីៗនេះ ថែមទាំងបានរុករានដល់មេទ័ពដ៏មានអំណាចបំផុតគឺលោក ចាង យ៉ូវហ្សា (Mr.Zhang Youxia) ទៀតផង៕



