រុស្ស៊ីប្រកាសឈរជាមួយចិនពេញទំហឹង លើបញ្ហាកោះតៃវ៉ាន់
ហៀប ស៊ីថេត
02 កុម្ភៈ 2026 06:00 AM

រដ្ឋធានីមូស្គូ៖ រដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ស៊ឺឫយី ស៊ៃហ្គូ (Сергей Шойгу) ប្រាប់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ថា រដ្ឋធានីម៉ូស្គូបន្តគាំទ្រជំហររដ្ឋធានីប៉េកាំងយ៉ាងពេញទំហឹង លើបញ្ហាកោះតៃវ៉ាន់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS រាយការណ៍កាលពីថ្ងៃអាទិត្យទី១ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ស៊ឺឫយី ស៊ៃហ្គូ (Mr.Sergei Shoigu) (ឆ្វេង) លោក លោក វ៉ាង យី (Mr.Wang Yi) 
លោក ស៊ឺឫយី ស៊ៃហ្គូ (Mr.Sergei Shoigu) (ឆ្វេង) លោក លោក វ៉ាង យី (Mr.Wang Yi) 

ចិនចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ចោលគំនិតនៃការប្រើប្រាស់កម្លាំងយោធា ដើម្បីនាំយកកោះនេះទៅជ្រកក្រោមបក្សកុម្មុយនីស្ដរបស់ខ្លួននោះទេ ខណៈរដ្ឋធានីប៉េកាំងបានផ្ដល់ជូនតៃវ៉ាន់នូវគំរូ «ប្រទេសមួយ ប្រព័ន្ធពីរ» ស្រដៀងនឹងហុងកុងដែរ បើទោះបីតៃវ៉ាន់ប្រកាសមិនគាំទ្រចំណាត់ការរបស់ចិនក៏ដោយ។ ជាមួយគ្នានេះ រុស្ស៊ីបានអះអាងម្ដងហើយម្ដងទៀតថា រដ្ឋធានីមូស្គូ ប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ក្នុងគ្រប់រូបភាព ហើយចាត់ទុកកោះនេះជាសាច់ជាឈាម ដែលមិនអាចបំបែកបានរបស់ចិន។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ TASS លោក ស៊ឺឫយី ស៊ៃហ្គូ បានសង្កត់ធ្ងន់ថា៖«យើងឃើញថា ក្រុមបរទេស(សហរដ្ឋអាម៉េរិក និងលោកខាងលិច) នៅតែបន្តធ្វើឱ្យស្ថានការណ៍នៅច្រកសមុទ្ទតៃវ៉ាន់មានអស្ថិរភាព។ [..]ខ្ញុំចង់បញ្ជាក់ឡើងវិញនូវការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់យើង ចំពោះរដ្ឋធានីប៉េកាំងលើបញ្ហាតៃវ៉ាន់»។ លោកបានបន្ថែមថា៖«យើងបន្តគាំទ្រការពិតថា រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងអស់»។ ទន្ទឹមគ្នា ស្តេចការទូតចចកចម្បាំងចិន លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិន និងរុស្ស៊ីមានកាតព្វកិច្ចអនុវត្តពហុភាគីនិយម សម្រាប់ពហុប៉ូល និងសណ្តាប់ធ្នាប់ពិភពលោក។ នេះបើតាមក្រសួងការបរទេសចិន។

លោក វ៉ាង បានអំពាវនាវឱ្យប្រទេសទាំង២ រក្សាទំនាក់ទំនងជិតស្និទ្ធលើបញ្ហាសំខាន់ៗទាក់ទងនឹងទំនាក់ទំនងទ្វេភាគី និងបង្កើនការគាំទ្រគ្នាទៅវិញទៅមកសម្រាប់ផលប្រយោជន៍ស្នូលរបស់គ្នា។ លោក វ៉ាង ក៏បានបន្ថែមផងដែរថា ចិនមានឆន្ទៈក្នុងការធ្វើការជាមួយរុស្ស៊ី ដើម្បីពង្រឹងទំនាក់ទំនង និងធ្វើឱ្យស៊ីជម្រៅនូវការសម្របសម្រួលជាយុទ្ធសាស្ត្រនៃការបង្កើនទំនាក់ទំនងទ្វេភាគីនៅឆ្នាំនេះ។ គួរបញ្ជាក់ថា ចិន និងរុស្ស៊ី បានពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រ នៅប៉ុន្មានថ្ងៃមុនពេលបុរសខ្លាំងរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បញ្ជូនទាហានរាប់ម៉ឺននាក់ ចូលលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត