ក្រុមខ្មាន់កាំភ្លើងវាយឆ្មក់មូលដ្ឋានទ័ពអាកាសនីហ្សេ ស្លា.ប់២០នាក់
N
Nary Vann
30 មករា 2026 04:00 PM

រដ្ឋធានីនីម៉ី៖ ខ្មាន់កាំភ្លើងមួយក្រុមធំ បានបើកការវាយប្រហារយ៉ាងគគ្លើន ទៅលើមូលដ្ឋានទ័ពអាកាសរបស់ប្រទេសនីហ្សេ ស្ថិតនៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិ ឌីអូរី ហាម៉ានី (Diori Hamani) កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ទី២៩មករា (ម៉ោងនៅប្រទេសនីហ្សេ)។

សំឡេងផ្ទុះ និងការបាញ់តតាំងគ្នាដោយអាវុធធុនធ្ងន់ បានអូសបន្លាយពេលប្រហែល២ម៉ោង ធ្វើឱ្យផ្ទៃមេឃក្នុងរដ្ឋធានីប្រែជាក្រហមច្រាល និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងតំបន់។ យោងតាមទូរទស្សន៍រដ្ឋបានឱ្យដឹងថា កងកម្លាំងសន្តិសុខបានវាយបកវិញយ៉ាងឆាប់រហ័ស ទាំងតាមអាកាស និងតាមដីគោក ដោយបានសម្លាប់ខ្មាន់កាំភ្លើង ២០នាក់ និងចាប់ខ្លួនបាន១១នាក់ផ្សេងទៀត ខណៈទាហានរដ្ឋាភិបាល៤នាក់បានរងរបួស។ អ្នកវិភាគជឿថា គោលដៅចម្បងនៃការវាយប្រហារនេះ គឺដើម្បីកម្ទេចយន្តហោះគ្មានមនុស្សបើក ដែលនីហ្សេទើបតែបានបញ្ជាទិញពីប្រទេសតួកគី ដើម្បីយកមកប្រើប្រាស់ ក្នុងប្រតិបត្តិការប្រឆាំងនឹងក្រុមឧក្រិដ្ឋជនជីហាដ។

លោក អូលហ្វ ឡេសស៊ីង (Mr.Ulf Laessing) អ្នកជំនាញមកពីមូលនិធិខនរ៉ាដ អាដេនណាអើរ (Konrad Adenauer) នៃប្រទេសអាល្លឺម៉ង់ បានលើកឡើងថា ដ្រូនបានក្លាយជាអាវុធដ៏មានឥទ្ធិពលបំផុតសម្រាប់ទាំងភាគីរដ្ឋាភិបាល និងក្រុមជីហាដ។ ដូច្នេះហើយ ទើបក្រុមវាយប្រហារព្យាយាមកម្ទេចអាវុធស៊េរីថ្មីទាំងនេះចោល។ ការបាញ់បោះនេះ ក៏បានបណ្ដាលឱ្យប៉ះពាល់ដល់យន្តហោះស៊ីវិលមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរកូដូវ័រ (Air Côte d’Ivoire) ដែលកំពុងចតនៅលើផ្លូវរត់ ដោយគ្រាប់កាំភ្លើងបានទម្លុះតួខ្លួន និងស្លាបខាងស្តាំរបស់យន្តហោះយ៉ាងដំណំ។

ស្ថានភាពបច្ចុប្បន្ន បានវិលមករកភាពស្ងប់ស្ងាត់វិញហើយ ប៉ុន្តែកងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយយ៉ាងតឹងរ៉ឹងតាមដងផ្លូវសំខាន់ៗ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន។ ប្រទេសនីហ្សេ ក៏ដូចជាប្រទេសជិតខាងដូចជា បួគីណាហ្វាសូ និងម៉ាលី កំពុងជួបការលំបាកយ៉ាងខ្លាំង ក្នុងការទប់ទល់នឹងរលកនៃអំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធ គាំទ្រដោយអាល់កៃដា និងរដ្ឋឥស្លាម (IS) ដែលបានកើនឡើងកាន់តែខ្លាំងក្នុងឆ្នាំ២០២៥។ អ្នកជំនាញបានព្រមានថា ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២៣ មក ប្រទេសនីហ្សេ ហាក់ដូចជាមានភាពងាយរងគ្រោះកាន់តែខ្លាំង ចំពោះការវាយប្រហាររបស់ក្រុមប្រដាប់អាវុធ បើទោះបីជាមានការខិតខំប្រឹងប្រែងពង្រឹងកម្លាំងយោធាក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត