
ទាហានក្រុមចម្រុះរបស់នីហ្សេបានអះអាងថាពួកគេនឹងកាត់ទោសប្រធានាធិបតី ម៉ូហាម៉េត បាហ្ស៊ូម (Mohamed Bazoum)ដែលត្រូវបានបណ្តេញចេញពីតំណែងពីបទក្បត់ជាតិ និងធ្វើឱ្យខូចសន្តិសុខរដ្ឋ ប៉ុន្មានម៉ោងបន្ទាប់ពីពួកគេបានបញ្ជាក់ថា ពួកគេបើកចំហសម្រាប់ការសន្ទនាជាមួយបណ្តាប្រទេសនៅអាហ្វ្រិកខាងលិចដើម្បីដោះស្រាយវិបត្តិដែលកំពុងពុះកញ្ជ្រោល។

សេចក្ដីប្រកាសនៅលើកញ្ចក់ទូរទស្សន៍រដ្ឋកាលពីយប់ថ្ងៃអាទិត្យទី១៣ខែសីហា ដោយអ្នកនាំពាក្យលោក អាម៉ាឌូ អាប់ដ្រាម៉ាណេ (Amadou Abdramane) បាននិយាយថា ៖«របបយោធាបានប្រមូលភស្តុតាងចាំបាច់ ដើម្បីកាត់ទោសប្រធានាធិបតីដែលត្រូវបានបណ្តេញចេញតំណែង ពីសមគំនិតជាមួយបរទេសក្បត់ជាតិ និងបំផ្លាញសន្តិសុខប្រទេសនីហ្សេ»។

លោក បាហ្ស៊ូម ដែលជាប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនីហ្សេ ត្រូវបានបណ្តេញចេញពីតំណែងដោយរដ្ឋប្រហារ ដោយអង្គរក្សរបស់លោកកាលពីថ្ងៃទី២៦ខែកក្កដា ហើយចាប់តាំងពីពេលនោះមកលោកត្រូវបានឃុំខ្លួនក្នុងផ្ទះជាមួយប្រពន្ធ និងកូនប្រុសរបស់លោកនៅក្នុងបរិវេណវិមានប្រធានាធិបតីក្នុងរដ្ឋធានីនីយ៉ាមេ (Niamey)។ មនុស្សជិតស្និទ្ធនឹងប្រធានាធិបតី ក៏ដូចជាអ្នកនៅក្នុងបក្សកាន់អំណាចរបស់លោក បានអោយដឹងថា អគ្គិសនី និងទឹករបស់ពួកគេត្រូវបានកាត់ផ្តាច់ ហើយពួកគេត្រូវបានបង្អត់អាហារ។ ទោះយ៉ាងនេះក្ដី របបយោធាបានច្រានចោលរបាយការណ៍ទាំងនេះកាលពីយប់ថ្ងៃអាទិត្យ១៣សីហា ហើយបានចោទប្រកាន់អ្នកនយោបាយអាហ្វ្រិកខាងលិច និងដៃគូអន្តរជាតិថាបានបញ្ឆេះយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីបង្ខូចកិត្តិយសរបបយោធា។

គួរបញ្ជាក់ថា សម្ពាធអន្តរជាតិកំពុងកើនឡើងលើរបបយោធាឱ្យដោះលែង និងតែងតាំងលោក បាហ្ស៊ូម ឡើងវិញ។ ភ្លាមៗបន្ទាប់ពីរដ្ឋប្រហារ ប្លុកតំបន់អាហ្រ្វិកខាងលិច ECOWAS បានផ្តល់ពេលឱ្យរបបសឹកនេះរយៈពេលប្រាំពីរថ្ងៃដើម្បីឱ្យប្រធានាធិបតីឡើងកាន់អំណាចវិញ ប៉ុន្តែកាលកំណត់នោះបានមកដល់ ដោយមិនមានសកម្មភាពពីភាគីណាមួយឡើយ៕





