របប​សឹកនីហ្សេ​បើក​ចំហ​ការ​ចរចា ​ខណៈ​មេដឹកនាំរុស្ស៊ី និងអាម៉េរិក​សង្កត់​ធ្ងន់លើ​សន្តិភាព
ម៉េងហុង
16 សីហា 2023 02:30 PM

របបយោធានីហ្សេ កាលពីថ្ងៃអង្គារទី១៥សីហា បានប្រកាសថា ខ្លួនបើកចំហសម្រាប់កិច្ចពិភាក្សាដើម្បីដោះស្រាយវិបត្តិក្នុងប្រទេស ដែលបណ្តាលមកពីរដ្ឋប្រហារយោធាកាលពីខែមុន ខណៈដែលប្រទេសរុស្ស៊ី និងសហរដ្ឋអាម៉េរិក បានអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធី។

មហាអំណាចលោកខាងលិច និងរដ្ឋាភិបាលអាហ្រ្វិកប្រជាធិបតេយ្យ បានអំពាវនាវឱ្យមេដឹកនាំរដ្ឋប្រហារតែងតាំង លោក ម៉ូហាមេដ បាហ្សូម (Mohamed Bazoum) ដែលត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី២៦ ខែកក្កដា កាន់តំណែងជាប្រធានាធិបតីសាជាថ្មី ប៉ុន្តែមេដឹកនាំយោធាបានបដិសេធ។ មេទ័ពមកពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) នឹងជួបប្រជុំគ្នានៅថ្ងៃទី១៧-១៨ ខែសីហា នៅប្រទេសហ្គាណា ដើម្បីរៀបចំសម្រាប់អន្តរាគមន៍យោធាដែលអាចកើតមាន ប្រសិនបើការទូតបរាជ័យ។ ទោះយ៉ាងណា អន្តរាគមន៍យោធាណាមួយអាចធ្វើឱ្យមានអស្ថិរភាពបន្ថែមទៀតដល់តំបន់សាហេល (Sahel) ខណៈតំបន់នេះជាកន្លែងដែលការបះបោរបានកើតឡើងជារឿយៗ និងបានបង្ខំឱ្យមនុស្សរាប់លាននាក់ភៀសខ្លួនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ និងបង្កឱ្យមានវិបត្តិល្បៀងអាហារ។

លោក ម៉ូហាមេដ បាហ្សូម
លោក ម៉ូហាមេដ បាហ្សូម

លោក អាលី មហាម៉ាន ឡាមីនហ្សីន (Ali Mahamane Lamine Zeine) ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនីហ្សេដោយយោធាកាលពីសប្តាហ៍មុន បាននិយាយថា៖ «យើងកំពុងស្ថិតក្នុងដំណើរការនៃការផ្លាស់ប្ដូរ។ យើងបានពន្យល់អំពីបញ្ហានានា ហើយបានបញ្ជាក់ឡើងវិញនូវឆន្ទៈរបស់យើង ក្នុងការរក្សាការបើកចំហសម្រាប់ការចរចាជាមួយគ្រប់ភាគី ប៉ុន្តែយើងបានទទូចលើតម្រូវការសម្រាប់ប្រទេសឱ្យមានឯករាជ្យ»។ លោកបាននិយាយបន្ទាប់ពីការធ្វើដំណើរទៅជួបប្រធានាធិបតីប្រទេសឆាដ មហាម៉ាត់ ដេប៊ី (Mahamat Deby) ដែលបានធ្វើរដ្ឋប្រហារនៅឆ្នាំ២០២១ ផងដែរ។

លោក អាលី មហាម៉ាន ឡាមីនហ្សីន
លោក អាលី មហាម៉ាន ឡាមីនហ្សីន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយទៅកាន់មេដឹកនាំយោធារបស់ប្រទេសម៉ាលី អំពីការធ្វើរដ្ឋប្រហារនាពេលថ្មីៗនេះ នៅក្នុងប្រទេសនីហ្សេ កាលពីថ្ងៃអង្គារ ខណៈការលូកដៃរបស់រុស្ស៊ីក្នុងបញ្ហានេះបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមរដ្ឋាភិបាលលោកខាងលិច ដែលភ័យខ្លាចការកើនឡើងឥទ្ធិពលរុស្ស៊ីនៅក្នុងតំបន់សាហេល នៃអាហ្វ្រិកខាងលិច។ លោក ពូទីន បានសង្កត់ធ្ងន់លើសារសំខាន់នៃដំណោះស្រាយដោយសន្តិវិធី នៃស្ថានការណ៍សម្រាប់តំបន់សាហេល មានស្ថិរភាពជាងមុន។ លោក ពូទីន បានអំពាវនាវឱ្យមានការវិលត្រឡប់ទៅកាន់សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសនីហ្សេ ខណៈដែលប្រធានក្រុមទាហានស៊ីឈ្នួល Wagner លោក យ៉េវហ្គេនី ព្រីហ្គោហ្សីន (Yevgeny Prigozhin) បានស្វាគមន៍ការកាន់កាប់កងទ័ព និងផ្តល់សេវាកម្មរបស់លោក។

លោក វ្ល៉ាឌីមៀ ពូទីន 
លោក វ្ល៉ាឌីមៀ ពូទីន 

ការគាំទ្រចំពោះប្រទេសរុស្ស៊ី បានលេចចេញជារូបរាងឡើងនៅក្នុងប្រទេសនីហ្សេ ចាប់តាំងពីការធ្វើរដ្ឋប្រហារ ដោយក្រុមអ្នកគាំទ្ររបបយោធា បានគ្រវីទង់ជាតិរុស្ស៊ីនៅឯការប្រមូលផ្តុំ និងការអំពាវនាវឱ្យបារាំងផ្តាច់ខ្លួនចេញពីប្រទេសនេះ។ ជាមួយគ្នានេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី សាប្រីណា ស៊ីង (Sabrina Singh) បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (Joe Biden) បានប្តេជ្ញាចិត្តចំពោះដំណោះស្រាយការទូត ហើយបានបញ្ជាក់ច្បាស់ៗថា នីហ្សេ គឺជាដៃគូដែលខ្លួនមិនចង់បាត់បង់។ យ៉ាងណាមិញ លោកស្រី ស៊ីងបានបដិសេធ មិនហៅការកាន់កាប់នោះថា ជារដ្ឋប្រហារទេ ប៉ុន្តែបាននិយាយថា វាមើលទៅហាក់ដូចជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ។

លោកស្រី សាប្រីណា ស៊ីង 
លោកស្រី សាប្រីណា ស៊ីង 

គួរបញ្ជាក់ថា ឥទ្ធិពលរបស់រុស្ស៊ីនៅតំបន់អាហ្រ្វិកខាងលិច បានកើនឡើង ខណៈដែលឥទ្ធិពលរបស់ប្រទេសលោកខាងលិច បានធ្លាក់ចុះចាប់តាំងពីមានរដ្ឋប្រហារចាប់ផ្តើម។ មេដឹកនាំ​យោធា​នៅ​ប្រទេស​ម៉ាលី និង​បួគីណាហ្វាសូ បាន​បណ្តេញ​កងទ័ព​របស់​ប្រទេស​បារាំងចេញ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ម៉ូស្គូ។ នៅក្នុងប្រទេសម៉ាលី រដ្ឋាភិបាលកងទ័ពក៏បាននាំយកទាហានស៊ីឈ្នួលពីក្រុម Wagner របស់រុស្ស៊ី ដែលត្រូវបានចោទប្រកាន់ពីបទប្រហារជីវិតជនស៊ីវិល និងប្រព្រឹត្តការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផ្សេងទៀត។ នៅក្រោមការគ្រប់គ្រងរបស់លោក បាហ្សូម នីហ្សេ នៅតែជាសម្ព័ន្ធមិត្តលោកខាងលិច។ សហរដ្ឋអាម៉េរិក បារាំង អាល្លឺម៉ង់ និងអ៊ីតាលី មានកងទ័ពឈរជើងនៅទីនោះ ក្រោមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលស៊ីវិល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត