
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បញ្ជាក់ថា ទីក្រុងប៉ារីសនឹងដកឯកអគ្គរដ្ឋទូត និងកងទ័ពរបស់ខ្លួនចេញពីប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារកាលពីខែកក្កដា បានទម្លាក់ប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ លោក ម៉ូហាម៉េត បាហ្ស៊ូម...។

លោក ម៉ាក្រុង បាននិយាយនៅក្នុងបទសម្ភាសតាមទូរទស្សន៍មួយកាលពីថ្ងៃអាទិត្យទី២៤កញ្ញាថា៖«បារាំងបានសម្រេចចិត្តដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីប្រទេសនីហ្សេហើយ ខណៈឯកអគ្គរដ្ឋទូតរបស់យើង និងអ្នកការទូតជាច្រើននាក់ នឹងវិលត្រឡប់មកប្រទេសបារាំងវិញនៅប៉ុន្មានម៉ោងបន្ទាប់»។ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរបានចប់សព្វគ្រប់ ហើយទាហានបារាំងនឹងត្រូវដកចេញនៅក្នុងប៉ុន្មានខែ ឬប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

ការចាកចេញរបស់បារាំងកើតឡើងបន្ទាប់ពីមានសម្ពាធជាច្រើនសប្តាហ៍ពីយោធា និងបាតុកម្ម។ មនុស្សរាប់ពាន់នាក់ បានតវ៉ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅក្នុងរដ្ឋធានីនីញ៉ាម៉េ រួមទាំងនៅខាងក្រៅមូលដ្ឋានយោធា ដែលមានទាហានបារាំងផងដែរ។ មេដឹកនាំរបបសឹក បាននឹងកំពុងទាមទារឱ្យមានការចាកចេញរបស់ប្រទេសបារាំង បន្ទាប់ពីលោក ម៉ាក្រុង បានបដិសេធមិនទទួលស្គាល់រដ្ឋប្រហារថ្ងៃទី២៦ ខែកក្កដា បានស្វាគមន៍ការប្រកាសរបស់ប្រធានាធិបតីបារាំង។ ការវិវឌ្ឍនេះកើតឡើងស្របពេលដែលកងទ័ពបារាំង ក៏ត្រូវបានស្នើឱ្យចាកចេញពីអតីតអាណានិគមរបស់ខ្លួនគឺម៉ាលី និងបួគីណាហ្វាសូ។

ជាមួយគ្នានោះ កាលពីថ្ងៃសុក្រ រដ្ឋាភិបាលយោធាបានចោទប្រកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទែរេស ថាបានរារាំងការចូលរួមពេញលេញរបស់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ នៃមេដឹកនាំពិភពលោកក្នុងគោលបំណងដើម្បីផ្គាប់ចិត្តប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់ខ្លួន។ សូមរំឭកថា បណ្តាប្រទេសលោកខាងលិច បានចាប់ដៃគូជាមួយប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ លោក ម៉ូហាម៉េត បាហ្ស៊ូម ដើម្បីទប់ទល់នឹងឥទ្ធិពល ដែលកំពុងកើនឡើងនៃក្រុមប្រដាប់អាវុធ ហើយបានចាក់ជំនួយ និងជំនួយយោធារាប់លានដុល្លារ ដើម្បីកសាងប្រទេសនីហ្សេ៕





