
រាជធានីភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សខេត្តកោះកុង កាលពីពេលថ្មីៗ បានសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ ចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ហើយដកហូតវត្ថុតាងមួយចំនួន ក្នុងឧទ្យានជាតិបទុមសាគរ និងដែនជម្រកសត្វព្រៃតាតៃ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងឧទ្យានជាតិបទុមសាគរ ស្នាក់ការព្រែកតាចាន់ កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះល្បាត និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយដកហូតរណាយន្តធុនតូចចំនួន៣គ្រឿង។ មកទល់នឹងពេលបច្ចុប្បន្ន រណាទាំង៣ ត្រូវបានក្រុមការងារយកទៅរក្សាទុកនៅស្នាក់ការល្បាតព្រែកតាចាន់។

ដោយឡែក នៅដែនជម្រកសត្វព្រៃតាតៃវិញ ស្នាក់ការល្បាតត្រពាំងរូង កម្លាំងមន្រ្តីឧទ្យានុរក្ស ក៏បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃបានដល់ទៅ៧៥ខ្សែ។ ក្រសួងបានឱ្យដឹងថា បច្ចុប្បន្ន អន្ទាក់ទាំង៧៥ខ្សែ ត្រូវបានក្រុមការងារយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង៕




