ក្រសួង ព្រមានផាកពិន័យក្រុមហ៊ុនឬរោងចក្រណាទាមទារអត្តសញ្ញាណបណ្ណពីពលករខ្មែរទើបមកពីថៃទៅដាក់ពាក្យធ្វើការងារ
L
Linda Sorn
17 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមានផាកពិន័យម្ចាស់ រោងចក្រ សហគ្រាស ឬក្រុមហ៊ុនណា ដែលតម្រូវឱ្យពលករខ្មែរដែលត្រឡប់មកពីថៃត្រូវតែផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ កាលពីថ្ងៃទី២៥មករា ឆ្នាំ២០២៦។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ

កាលពីខែសីហា ឆ្នាំ២០២៥កន្លងទៅ ក្រសួងបានសម្រេចឱ្យម្ចាស់រោងចក្រ-សហគ្រាស លើកលែងការទាមទារអត្តសញ្ញាណបណ្ណពីពលករខ្មែរមកពីថៃ ដើម្បីសម្រួលដល់ការស្វែងរកការងារធ្វើ។ ហេតុនេះ ក្រសួងចាត់ទុកការទាមទាររបស់ម្ចាស់រោងចក្រចំពោះការផ្ដល់អត្តសញ្ញាណបណ្ណ ជាការអនុវត្តផ្ទុយ និងបំពានសេចក្តណែនាំ​ ដែលត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ស្របតាមច្បាប់ស្តីពីការងារ។

ក្រសួងបញ្ជាក់ជាថ្មីថា ម្ចាស់ក្រុមហ៊ុន ឬរោងចក្រ អាចជ្រើសរើសពលករខ្មែរឱ្យចូលធ្វើការដោយមិនចាំបាច់តម្រូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយអាចជំនួសដោយ សំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (លិខិតធ្វើដំណើរ-TD) ឬលិខិតបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ជាដើម។ ក្នុងករណីមានការដាក់លក្ខខណ្ឌតម្រូវឱ្យយកតែអត្តសញ្ញាណបណ្ណក្នុងការដាក់ពាក្យធ្វើការ ក្រសួងស្នើឱ្យពលរដ្ឋប្តឹងទៅអធិការការងារតាមរយៈលេខ ១២៨៦ ឬ១២៩៧ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត