រាជធានីភ្នំពេញ៖ ក្រសួងកសិកម្មកម្ពុជា ចុះកិច្ចព្រមព្រៀងជាមួយក្រសួងកសិកម្មឡាវ លើការដឹកជញ្ជូនកសិផលកសិកម្មឆ្លងកាត់ទៅកាន់ប្រទេសចិន។ កិច្ចព្រមព្រៀងរវាងក្រសួងប្រទេសទាំងពីរ ធ្វើឡើងកាលពីថ្ងៃទី២៥មករា ឆ្នាំ២០២៦ ដោយមានការចូលរួមចុះហត្ថលេខាពីលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា និង លោក លីនខាំ ដួងសាវណ្ណ (Linkham DOUANGSAVANH) រដ្ឋមន្ត្រីក្រសួងកសិកម្មឡាវ។

លោក ឌិត ទីណា បានឱ្យដឹងថា កម្ពុជា និងឡាវ នឹងបន្តជំរុញកសិ-ពាណិជ្ជកម្ម ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។ លោកចាត់ទុកកិច្ចព្រមព្រៀងនេះ បញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមរវាងប្រទេសទាំងពីរ ហើយក្រុមការងារជំនាញទាំងពីរ នឹងធ្វើការជាមួយគ្នាដើម្បីពិនិត្យលើនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម ដើម្បីបើកផ្លូវនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។

ជាមួយគ្នានេះ លោកថែមទាំងបានលើកឡើងពីលទ្ធភាពនៃកិច្ចសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ, ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ, ការកែលម្អបរិយាកាសវិនិយោគ, ការកែលម្អផលិតកម្មពូជ, ការលើកកម្ពស់ស្តង់ដាផលិត ការតាំងពិព័រណ៍ផលិតផលកសិកម្ម ធ្វើយ៉ាងណា យកចិត្តទុកដាក់ខ្ពស់លើស្តង់ដាគុណភាព សុវត្ថិភាព ចំណាយថ្លៃដើមទាប និងមានប្រសិទ្ធភាពសេដ្ឋកិច្ចផងដែរ។ សមភាគីទាំងពីរ បានបង្ហាញឆន្ទៈ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើន ដើម្បីជំរុញកសិ-ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។ គួរឱ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០២៥ កន្លងទៅ កម្ពុជា និងឡាវ បានចុះអនុស្សរណៈយោគយល់ចំនួន៣ ដែល១ក្នុងចំណោមនោះ ផ្តោតសំខាន់លើការនាំចេញស្វាយទៅកាន់ទីផ្សារចិន តាមរយៈរថភ្លើងល្បឿនលឿន៕

