ខេត្តរតនគិរី៖ ក្រោយពលរដ្ឋក្នុងតំបន់រាយការណ៍ពីបញ្ហាទឹកក្នុងបឹងយក្សឡោម ប្រែពណ៌ល្អក់ខុសពីធម្មតា ព្រមទាំងមានស្ថានភាពដូចប្រេងអណ្តែតលើទឹក មន្ត្រីជំនាញមន្ទីរបរិស្ថានខេត្តរតនគិរី បង្ហាញលទ្ធផលស្រាវជ្រាវថា គ្មានការដ្ឋានការងារនៅក្បែរតំបន់ហើយបង្កការបំពុលដល់ទឹកក្នុងបឹងឡើយ...។

មន្ទីរ ប្រកាសជាសាធារណៈនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ថា ករណីទឹកបឹងយក្សឡោម ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី មានពណ៌ល្អក់ផ្នែកខ្លះនៃបឹងរយៈពេល២ទៅ៣ថ្ងៃកន្លងមកនេះ គឺជាបាតុភូតកើតឡើងដោយធម្មជាតិ មិនមែនទទួលរងពីប្រភពបំពុលអ្វីមួយឡើយ។ មន្ត្រីជំនាញបង្ហាញរបាយការណ៍ ដោយយោងតាមការចុះស៊ើបអង្កេតផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋសហគមន៍តំបន់ការពារធម្មជាតិ ថា៖«នៅទីតាំងជុំវិញបឹងគ្មានការឈូសឆាយដី ការធ្វើចម្ការ ឬការដ្ឋានការងារ ដែលអាចជាប្រភពធ្វើឱ្យទឹកឡើងកករល្អក់នោះទេ»។ ចំពោះគុណភាពទឹកបឹងវិញ ក៏មិនបង្កឱ្យត្រីពុល និងបង្កបញ្ហាសុខភាពដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ឡើយ។

ជាការកត់សម្គាល់ ការអះអាងរបស់មន្ទីរបរិស្ថាន ហាក់ឆ្លើយតបទៅសាធារណជនមួយចំនួន ដែលបង្ហាញការសង្ស័យថា បញ្ហាទឹកល្អក់នោះ អាចបណ្តាលមកពីមានក្រុមហ៊ុនធ្វើអាជីវកម្មមិនប្រក្រតីនៅជុំវិញបឹង។ បឹងយក្សឡោម មានទីតាំងនៅភាគអាគ្នេយ៍ ចម្ងាយប្រមាណ៥គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី។ បឹងយក្សឡោម ត្រូវបានគេផ្តល់ចំណាត់ថ្នាក់លំដាប់ទីមួយ ប្រចាំខេត្តរតនគិរី ដែលសម្បូរទៅដោយទិដ្ឋភាពព្រៃព្រឹក្សា គួរឱ្យទាក់ទាញ ដែលកកើតឡើងពីបន្ទុះភ្នំភ្លើងមួយតាំងពីប្រមាណ៤០០០ឆ្នាំមុន។

យ៉ាងណា ដើម្បីឆ្លើយតបករណីនេះ មន្ទីរបរិស្ថានអះអាងថា កំពុងបន្តចាត់វិធានការយកសំណាកទឹក នៅតំបន់បឹងយក្សឡោម ទៅពិនិត្យនៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន បន្ថែមទៀតដើម្បីជំរុញសកម្មភាព«ភាពស្អាត»ការពារប្រភពទឹកសាធារណៈ និងជួយឱ្យទឹកស្អាត និងបរិស្ថានល្អនៅកម្ពុជា។ ស្ថាប័នជំនាញដដែលនេះ ស្រង់ការកត់សម្គាល់របស់អាជ្ញាធរតំបន់ និងពលរដ្ឋនៅទីនោះថា ពេលមានបាតុភូតធម្មជាតិ ឬគ្រោះមហន្តរាយ នៅប្រទេសមួយចំនួនក្នុងតំបន់ ស្ថានភាពទឹកបឹងនេះនឹងឡើងពណ៌កករល្អក់ជារឿយៗ។ គេចាំបានថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ស្ថានភាពទឹកបឹងយក្សឡោមនេះក៏ធ្លាប់បានប្រែក្លាយទៅជាល្អក់ដូច្នេះដែរ ប៉ុន្តែក្រោយមកប្រមាណ៤ ទៅ៥ថ្ងៃ ទឹកក៏ប្រែត្រឡប់រកសភាពដើមវិញ៕



