
រដ្ឋធានីហាណូយ៖ មេដឹកនាំកំពូលរបស់វៀតណាម លោក តូ ឡឹម (To Lam) ត្រូវបានបញ្ជាក់ជាផ្លូវការ នៅថ្ងៃសុក្រទី២៣ ខែមករា ឆ្នាំ២០២៦នេះថា លោកនឹងបន្តដឹកនាំបក្សកុម្មុយនីស្ដដែលកំពុងកាន់អំណាច ក្នុងតំណែងជាអគ្គលេខាធិការសម្រាប់អាណត្តិ៥ឆ្នាំទៅមុខទៀត។

ការបញ្ជាក់នេះ ត្រូវបានគេដឹងតាមរយៈចំណងជើងនៅក្រោមឈ្មោះរបស់លោក ក្នុងអំឡុងពេលត្រៀមរៀបចំសន្និសីទសារព័ត៌មានមួយ ដែលជាកិច្ចបង្ហើយនៃមហាសន្និបាតបក្ស។ បើតាមមន្ត្រីរដ្ឋាភិបាល សន្និសីទសារព័ត៌មាននេះ នឹងត្រូវដឹកនាំផ្ទាល់ដោយរូបលោក ក្នុងនាមជាអគ្គលេខាធិការដែលទើបតែត្រូវបានតែងតាំងថ្មី។ ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពីកិច្ចប្រជុំរបស់សមាជិកគណៈកម្មាធិការមជ្ឈិមទាំង១៨០រូប ដែលទើបតែត្រូវបានបោះឆ្នោតជ្រើសរើស កាលពីថ្ងៃទី២២មករា ឆ្នាំ២០២៦។

ថ្វីដ្បិតតែមិនទាន់មានការប្រកាសជាផ្លូវការតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅឡើយ ប៉ុន្តែវាជារឿងដែលគេបានដឹងមុនហើយថា លោក តូ ឡឹម នឹងរក្សាតំណែងដ៏មានអំណាចបំផុតនៅក្នុងប្រទេសមួយនេះ បន្ទាប់ពីលោកបានឡើងកាន់តំណែងតាំងពីពាក់កណ្ដាលឆ្នាំ ២០២៤ ដើម្បីជំនួសអតីតអគ្គលេខាធិការ លោក ង្វៀន ភូជុង (Nguyen Phu Trong) ដែលបានទទួលមរណភាព។ ការបន្តអាណត្តិរបស់លោក តូ ឡឹម ត្រូវបានគេមើលឃើញថា ជាការបញ្ជាក់ពីស្ថិរភាពនយោបាយ និងការបន្តយុទ្ធនាការកម្ចាត់អំពើពុករលួយដ៏តឹងរ៉ឹងនៅក្នុងប្រទេសវៀតណាម៕



