រាជធានីភ្នំពេញ៖ ជនសង្ស័យប្រុសស្រីជាជនជាតិវៀតណាម២នាក់ ជាមុខសញ្ញាចាស់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធអំពើលួច ពោលគឺបានប្ដូរមាសក្លែងក្លាយបន្លំយកមាសពិត កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ...។

ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលក្រុងតាខ្មៅ បើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យជនជាតិវៀតណាមចំនួនពីរនាក់ រួមមាន៖ ទី១-ឈ្មោះ ង្វៀន ស៊ីធូ ភេទស្រី (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារច្រើនលើក) និងទី២-ឈ្មោះ ង្វៀន យ៉ាងជា ភេទប្រុស។

យ៉ាងណា បន្ទាប់ពីសាកសួរ និងធ្វើកំណត់ហេតុរួចនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កន្លងមកពួកគេធ្លាប់ប្រព្រឹត្តិបទល្មើសចំនួន៣ករណីផ្ទូនៗគ្នា តាមបណ្ដាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់៕




