
រដ្ឋធានីហាណូយ៖ អាជ្ញាធរប៉ូលិសវៀតណាម បានសម្រេចចាប់ខ្លួនលោក ត្រឿង ស៊ឺទុង (Truong Sy Toan) វ័យ៥៧ឆ្នាំ ជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនផលិតអាហារកំប៉ុងដ៏ល្បី Halong Canned Food បន្ទាប់ពីបានរកឃើញថា ក្រុមហ៊ុននេះ បានយកសាច់ជ្រូកមានជំងឺប៉េស្តជ្រូកអាហ្វ្រិកជាង១៣០តោន មកផលិតជាចំណីអាហារសម្រាប់លក់នៅលើទីផ្សារ...។

យោងតាមការចុះផ្សាយកាលពីថ្ងៃទី១០ ខែមករា ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីប៉ូលិសបានចំណាយពេលស៊ើបអង្កេតអស់រយៈពេល៤ខែ ចាប់តាំងពីខែកញ្ញាឆ្នាំ២០២៥ នៅពេលដែលពួកគេបានស្ទាក់ចាប់រថយន្តដឹកសាច់ជ្រូកគ្មានប្រភពច្បាស់លាស់២គ្រឿង ហើយធ្វើតេស្តរកឃើញមេរោគប៉េស្តជ្រូកអាហ្វ្រិក។ បន្ទាប់ពីត្រួតពិនិត្យស្តុករបស់ក្រុមហ៊ុន ប៉ូលិសបានរកឃើញសាច់ជ្រូកមានជំងឺសរុបប្រមាណ១៣០តោន រួមទាំងស្បែកជ្រូក និងស្បែកមាន់រាប់ម៉ឺនគីឡូក្រាមទៀត ដែលមានផ្ទុកបាក់តេរី Salmonella (បាក់តេរីបង្កឱ្យមានជំងឺក្រពះពោះវៀនធ្ងន់ធ្ងរ)។

អ្វីដែលគួរឱ្យបារម្ភបំផុតនោះ គឺក្រុមហ៊ុនបានយកសាច់ដែលមានមេរោគទាំងនោះ ទៅផលិតជាប៉ាតេកំប៉ុងបានជាង១ម៉ឺន៤ពាន់កំប៉ុងរួចជាស្រេចទៅហើយ ព្រមទាំងផលិតជាណែម និងផលិតផលផ្សេងៗទៀតជាច្រើនតោន។ ក្នុងប្រតិបត្តិការនេះ ប៉ូលិសក៏បានឃាត់ខ្លួនបុគ្គលិកផ្នែកត្រួតពិនិត្យគុណភាពចំនួន៣នាក់ផ្សេងទៀត ដែលបានគប់គិតគ្នាអនុញ្ញាតឱ្យសាច់មានជំងឺទាំងនោះចូលទៅក្នុងចង្វាក់ផលិតកម្ម។ បច្ចុប្បន្ន អាជ្ញាធរបានដុតកម្ទេចសាច់ និងផលិតផល ដែលមានមេរោគទាំងអស់ចោលហើយ ហើយកំពុងបន្តនីតិវិធីច្បាប់លើជនសង្ស័យ និងអ្នកពាក់ព័ន្ធសរុប៩នាក់ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕




