
រដ្ឋធានីហាណូយ៖ បើទោះបីជាចរន្តសេដ្ឋកិច្ចពិភពលោកក្រឡាប់ចាក់ និងប្រែប្រួលក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមបានកើនឡើងក្នុងអត្រារហូត៨,០២ភាគរយ នាឆ្នាំ២០២៥ ជាអត្រាខ្ពស់បំផុតទី២ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។ កំណើននៅត្រីមាសទី៤ គឺកើនឡើងរហូតដល់៨,៤៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ទន្ទឹមនឹងវិស័យសេវាកម្ម និងឧស្សាហកម្មជាវិស័យឈានមុខ។ នេះបើតាមការចុះផ្សាយដោយកាសែតវៀតណាម។

ការអនុវត្តសេដ្ឋកិច្ចរបស់វៀតណាម មានភាពលេចធ្លោខ្លាំងគួរឱ្យកត់សម្គាល់ ចំពេលមានការប្រែប្រួលសេដ្ឋកិច្ចសកល ជាពិសេស ភាពតានតឹងពាណិជ្ជកម្ម និងគោលនយោបាយពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ខណៈវៀតណាមជាប្រទេសមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ស្ថិតក្នុងចំណោមប្រទេសមានកំណើនខ្ពស់បំផុតក្នុងពិភពលោកផងដែរ។ អត្រាកំណើននាឆ្នាំ២០២៥ គឺចាញ់កំណើនសេដ្ឋកិច្ចកាលពីឆ្នាំ២០២២តែបន្តិចប៉ុណ្ណោះ ដោយកាលពីឆ្នាំនោះ វៀតណាមមានកំណើនសេដ្ឋកិច្ច៨,១២ភាគរយ បន្ទាប់ងើបចេញពីរណ្តៅនៃជំងឺមរណៈ[កូវីដ-១៩]។

គួរបញ្ជាក់ថា នៅឆ្នាំ២០២៥ ផលិតផលក្នុងស្រុកសរុប ឬ GDP របស់វៀតណាម បានកើនឡើងដល់៥១៤ពាន់លានដុល្លារ ដែលនេះមានន័យថា ប្រាក់ចំណូលសម្រាប់ប្រជាជនវៀតណាមម្នាក់ហក់ឡើងដល់៥០១៦ដុល្លារក្នុងមួយឆ្នាំ ធ្វើឱ្យវៀតណាមក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ វិស័យសេវាកម្មរបស់វៀតណាម គឺជាកម្លាំងចលករដ៏ធំបំផុត ដែលបានរួមចំណែកជួយរុញច្រានសេដ្ឋកិច្ចរហូត ៥១,១ភាគរយ ខណៈវិស័យឧស្សាហកម្ម និងសំណង់មានចំនួន៤៣,៦ភាគរយ ក្រៅពីនេះ មានវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាចុងក្រោយ រដ្ឋសភាវៀតណាមបានកំណត់គោលដៅកំណើន GDP ១០ភាគរយ សម្រាប់ឆ្នាំ២០២៦នេះ។ ប្រសិនបើសម្រេចបានមែន នោះមានន័យថា ប្រជាជនវៀតណាមម្នាក់ នឹងមានប្រាក់ចំណូលសរុប ៥៤០០ទៅ៥៥០០ដុល្លារក្នុងមួយឆ្នាំ៕





