អត្តពលិកបរទេស និងខ្មែរជាង១ពាន់នាក់ នឹងចូលរួមរត់ប្រណាំងក្នុង«តំបន់អង្គរ»
អុន សម្ផស្ស
23 មករា 2026 08:45 AM

ក្រុងសៀមរាប៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ (Angkor Ultra Trail) លើកទី៩ នឹងត្រូវចាប់ផ្តើមនៅព្រឹកព្រលឹមស្រាងៗថ្ងៃមិនទាន់រះនាវេលាម៉ោង៤:០០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ស្អែកនេះ។ អត្តពលិកជាតិ-អន្ដរជាតិប្រមាណ ១ ៧០០នាក់ នឹងចាប់ផ្តើមរត់ចេញដំណើរពីមុខលានជល់ដំរី ក្នុងបរិវេណរមណីយដ្ឋានអង្គរ...។

អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ចាត់ទុកចំនួនភ្ញៀវចូលរួមប្រកួតនេះ ជាសក្ខីភាពនៃការរៀបចំព្រឹត្តិការណ៍ ដើម្បីជួយដល់សង្គមជាតិ និងប្រតិបត្តិករទេសចរណ៍ ពិសេសក្នុងខេត្តសៀមរាបផ្ទាល់។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC លើកឡើងថា ដំណើរការរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គនេះ មានការគាំទ្រពីអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ ក៏ដូចជាកងកម្លាំងពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ទៅតាមតម្រាយផ្លូវ។ ចំពោះ ព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៩ នៅថ្ងៃស្អែក នឹងរៀបចំឡើងលើ៦វិញ្ញាសា។ វិញ្ញាសាទាំងនោះរួមមាន៖ រត់ចម្ងាយ៨គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និងរត់ចម្ងាយ១០០គីឡូម៉ែត្រ។ លោក វ៉ាត់ ចំរើន បន្ថែមថា ចំនួនអ្នកចូលរួមក្នុងឆ្នាំនេះ មានសន្ទុះល្អ បើធៀបកាលពីឆ្នាំមុន។

លោកអគ្គលេខាធិការ NOCC ថ្លែងថា៖«[..]កំណើននៃការចូលរួមរបស់យើង គឺកាន់តែល្អ ដោយសារយើងឃើញថា មានអ្នករត់ចម្ងាយឆ្លងកាត់ឧបសគ្គចម្ងាយ ១០០គីឡូម៉ែត្រ មានការរីកចម្រើន ដែលបង្ហាញពីភាពរឹងមាំផ្នែកសុខុមាលភាពរបស់ប្រជាជនយើង។ អ៊ីចឹង[..]អ្នកចូលរួមច្រើនជាងគេជាង៥០០នាក់ មានកម្ពុជា ហើយជនជាតិបារាំង កើនជាង៥០០នាក់ដែរ។ បន្ទាប់មកប្រទេសផ្សេងៗទៀត មកពីអឺរ៉ុប អាម៉េរិក អង់គ្លេស ជប៉ុន និងចិនជាដើម សុទ្ធតែចូលរួម[..]»។ តួលេខនេះ បង្ហាញថា ការចូលរួមរបស់អ្នករត់ចម្ងាយឆ្ងាយមកពីជុំវិញពិភពលោក ក្នុងព្រឹត្តិការណ៍ Angkor Ultra Trail លើទឹកដីអច្ឆរិយអង្គរ នៅតែមានសន្ទុះល្អ ពិសេសកំណើនអត្តពលិកជាតិ-អន្ដរជាតិ ដែលបានចូលរួមរត់ចម្ងាយ១០០គីឡូម៉ែត្រតែម្ដង។ ក្នុងន័យនេះ NOCC រំពឹងថា ព្រឹត្តិការណ៍ Angkor Ultra Trail នៅឆ្នាំ២០២៧ នឹងឈានទៅក្រសោបបានអ្នកចូលរួមប្រមាណ៥ពាន់នាក់ ដើម្បីបំបែកកំណត់ត្រា និងអបអរខួប ១០ឆ្នាំនៃការបង្កើតកីឡារត់ឆ្លងឧបសគ្គនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត