កម្ពុជារកចំណូលបានជិត២០លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនៅ៤ខែឆ្នាំនេះ
K
Kimhuoy K.
06 ឧសភា 2024 09:30 AM

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជិត២០លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរនាពេលថ្មីៗ...។

គ្រឹះស្ថានអង្គរបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនសរុប៤២១៣៧៩នាក់ ពោលគឺកើនឡើង៤០,៩៣ភាគរយ និងទទួលបានចំណូល១៩ ៩១៧ ៥៣៣ដុល្លារអាម៉េរិក កើនឡើង៤១,៩៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ដោយឡែកសម្រាប់ខែមេសា ឆ្នាំ២០២៤ គ្រឹះស្ថាន​អង្គរ​រក​ចំណូល​បាន៣​ ៣៨៤ ២៤០ដុល្លារ​អាម៉េរិក​ ​ពី​កា​រលក់​ប​ណ្ណ​ជូន​ភ្ញៀវ​ទេសចរ​​ចូលទស្សនារមណីយដ្ឋានអង្គរចំនួន៧៣៨៤៥នាក់​

ទន្ទឹមនឹងគ្នានោះ ការប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែសម្រាប់រយៈពេល៤ខែនេះមានចំនួន១៣៧ ៥០៥ដុល្លារ ពីអ្នកទេសចរបរទេស៩១៦៧នាក់ និងការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀសបានចំនួន៣៦១ ៥៥៦ដុល្លារអាម៉េរិកផងដែរ។ ស្ថាប័នដដែល បន្ថែមថា រយៈពេល៤ខែដើមឆ្នាំនេះរាជរដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប៨៤២ ៧៥៨ដុល្លារអាម៉េរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយទ្រទ្រង់ក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។ 

យ៉ាងណាមិញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលវិនិយោគដោយចិន និងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ពិតជាបានជួយទាក់ទាញអ្នកទេសចរអន្តរជាតិឱ្យមកកម្សាន្តនៅខេត្តសៀមរាបកាន់តែច្រើនឡើង។ ជាក់ស្តែង ជាមួយនឹងផ្លូវរត់ប្រវែង៣៦០០ម៉ែត្រ អាកាសយានដ្ឋានអន្តរជាតិកម្រិត 4E មួយនេះ បច្ចុប្បន្ន គឺជាអាកាសយានដ្ឋានធំជាងគេរបស់កម្ពុជា និងជាច្រកអន្តរជាតិដ៏សំខាន់ទៅកាន់ឧទ្យានអង្គរ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត