រយៈពេល៨ខែ កម្ពុជារកចំណូលបានជាង៣០លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
K
Kimhuoy K.
03 កញ្ញា 2024 02:00 AM

សៀមរាប៖ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជាង៣០លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។

គ្រឹះស្ថានអង្គរបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនសរុប៦៥១ ៨៥៧នាក់ ពោលគឺកើនឡើង៣១ភាគរយនិងទទួលបានចំណូល ៣០ ៣៣៤ ២២៩ដុល្លារអាម៉េរិក កើនឡើង៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ដោយឡែក សម្រាប់ខែសីហា ឆ្នាំ២០២៤ គ្រឹះស្ថាន​អង្គរ​រក​ចំណូល​បាន ៣ ១៥៦ ៧៩៩ដុល្លារអាម៉េរិក​ ​ពី​កា​រលក់​ប​ណ្ណ​ជូន​ភ្ញៀវ​ទេសចរ​​ចូលទស្សនារមណីយដ្ឋានអង្គរចំនួន៦៧ ៤៨២នាក់។ ទន្ទឹមនឹងគ្នានោះ ការប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែរសម្រាប់រយៈពេល៨ខែនេះ មានចំនួន១៩៧ ៦១០ដុល្លារ ពីអ្នកទេសចរបរទេស១៣ ១៧៤នាក់ និងការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀសបានចំនួន៤៧៣ ៦២២ដុល្លារអាម៉េរិកផងដែរ។ 

ស្ថាប័នដដែលបន្ថែមថា រយៈពេល៨ខែដើមឆ្នាំនេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១ ៣០៣ ៧១៤ដុល្លារអាម៉េរិក ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយអង្គរ ដើម្បីជួយទ្រទ្រង់ក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។ គិតត្រឹម១សប្ដាហ៍ចុងក្រោយ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៥ ខែសីហាកន្លងទៅ កម្ពុជាមានភ្ញៀវទេសចរជាតិប្រមាណ ២៩០ ០០០នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ៥៥ ៨០០នាក់។ ដោយឡែក ចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប៤៦៦ជើងហោះហើរក្នុងនោះ រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន៣៣៨ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន១០២ជើង និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១២ជើងផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត