
រាជធានីភ្នំពេញ៖ ជនជាតិវៀតណាមប្រុសស្រី៧៨នាក់ ត្រូវអាជ្ញាធរកម្ពុជាបណ្ដេញចេញ ក្រោយរកឃើញថា ពួកគេបានលួចប្រព្រឹត្តិបទល្មើសឆបោកតាមអនឡាញ ដឹកជញ្ជូនគ្រឿងផ្ទុះ និងប្រើគ្រឿងញៀន។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បណ្តេញជនជាតិវៀតណាមសរុបចំនួន៧៨នាក់ (ស្រី១២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពួកគេទាំងអស់នេះ ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, ស្នងការដ្ឋាននគរបាលខេត្តកោះកុង, ស្នងការដ្ឋាននគរបាលខេត្តកំពត និងពីពន្ធនាគារខេត្តព្រះសីហនុ។

ពួកគេ លួចស្នាក់នៅដោយគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់។ ក្នុងនោះ អ្នកពាក់ព័ន្ធអំពើឆបោកអនឡាញចំនួន៦៤នាក់ ត្រូវបញ្ជូនទៅស្រុកកំណើតវិញ ក្រោយចាប់បាន។ ចំណែកអ្នកខ្លះទៀតពាក់ព័ន្ធករណីដឹកជញ្ជូនគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត ករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។ ចំពោះអ្នកពាក់ព័ន្ធនឹងគ្រឿងផ្ទុះ និងគ្រឿងញៀន ត្រូវបានបញ្ជូនទៅស្រុកកំណើតវិញ ក្រោយអនុវត្តទោសចប់នៅកម្ពុជា៕








