រាជធានីភ្នំពេញ៖ យុវជន៤នាក់ត្រូវបានចាប់ខ្លួន ក្រោយពួកគេក្លែងធ្វើជាមន្ត្រីនគរបាលជិះប្រដេញតាមស្ទាក់ចាប់ពលរដ្ឋនាពេលរាត្រី ដើម្បីជំរិតទារប្រាក់ ប៉ុន្តែប៉ះចំថ្ងៃអន្សា បែរជាតាមប្រដេញចាប់ចំអធិការរងខណ្ឌម្នាក់ បង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី២១មករា ស្ថិតនៅចំណុចផ្លូវបំបែកស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ...។

ទីបំផុតសត្វខ្លេដែលដេញចាប់ខ្លា បែរជាត្រូវជាប់ទ្រុងខ្លួនឯង ព្រោះលោកអធិការរងខណ្ឌពោធិ៍សែន ដែលស្ថិតក្នុងហេតុការណ៍នោះ បានបញ្ជាក់ថា ពួកគេជាសមត្ថកិច្ចក្លែងក្លាយ! ក្លែងក្លាយក៏នៅត្រង់ថា ដំបូងឡើយលោកបានជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្រគ្រប់គ្រង ក្នុងសម្លៀកបំពាក់ស៊ីវិល លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានមនុស្សមួយក្រុមជិះម៉ូតូ៣គ្រឿង ព្រមទាំងមានកាតសម្គាល់ខ្លួនជាមន្ត្រីនគរបាលព្រហ្មទណ្ឌ (CID) ធ្វើការប្រដេញតាមស្ទាក់ចាប់លោក។ ភ្លាមនោះ ក្រុមប៉ូលិសក្លែងក្លាយ បានស្រែកសម្លុតមកកាន់លោក និងបានអះអាងថា ពួកគេជាមន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ ហើយមិនស្គាល់លោកជាអធិការរងឡើយ។ ទោះយ៉ាងណា លោកបានទាក់ទងសម្ងាត់ទៅកាន់ក្រុមការងារ ដើម្បីនាំកម្លាំងចុះមកអន្តរាគមន៍។ មួយសន្ទុះក្រោយមក មន្ត្រីនគរបាលរបស់លោកបានចុះមកដល់ ព្រមទាំងធ្វើការឃាត់ខ្លួនប៉ូលិសជ័រ(ក្លែងក្លាយ)ទាំងនោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីសួរព័ត៌មានបន្ថែម។

យ៉ាងណា បន្ទាប់ពីមន្ត្រីនគរបាលជំនាញធ្វើការសាកសួរ និងធ្វើកំណត់ហេតុរួច ទើបដឹងច្បាស់ថា ជាក្រុមប៉ូលិសក្លែងក្លាយ បន្លំពាក់កាតជាមន្ត្រីនគរបាលព្រហ្មទណ្ឌ (CID) ដើម្បីធ្វើសកម្មភាពជំរិតទារប្រាក់អ្នកដំណើរតាមដងផ្លូវ។ មិនត្រឹមប៉ុណ្ណោះ ក្រោយធ្វើការឃាត់ខ្លួន ក៏មានយុវជនម្នាក់ទៀតចេញមុខមកអះអាងថា ក្រុមខាងលើនេះធ្លាប់បន្លំធ្វើស៊ីប្រាក់អស់ជាង៣០០ដុល្លារម្ដងរួចមកហើយ កាលពីពេលកន្លងទៅ។ បច្ចុប្បន្ន មន្ត្រីនគរបាលព្រហ្មទណ្ឌ(CID)ក្លែងក្លាយ រួមជាមួយវត្ថុតាង ត្រូវបានមន្ត្រីសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យពិត កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕



