
ខេត្តតាកែវ៖ កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវបានស្ទាក់ចាប់រថយន្ដមួយគ្រឿងម៉ាកHYUNDAI ដែលបានលួចដឹកសត្វទន្យាយ មាន់ ទា និងសាច់បង្កកជាច្រើនទៀតពីប្រទេសវៀតណាមចូលមកកម្ពុជាតាមច្រករបៀងខេត្តតាកែវ។

យោងតាមប្រភពពីមន្ត្រីជំនាញបានឱ្យដឹងថា ប្រតិបត្តិការចុះស្ទាក់បង្រ្កាបករណីលួចនាំចូលដោយខុសច្បាប់ នេះបានធ្វើឡើងក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាវេលាម៉ោង១១:១២នាទីយប់ ថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២៣ លើផ្លូវលំមួយកន្លែង ក្នុងភូមិត្រពាំងវែងឃុំព្រៃរំដេង ស្រុកគីរីវង់ ខេត្តតាកែវ។
ក្នុងនោះកម្លាំងជំនាញបានឃាត់រថយន្តចំនួន១ គ្រឿង ម៉ាក HYUNDAI ជាប្រភេទឡានដឹកទំនិញចំណុះ ២,៥តោនពាក់ស្លាកលេខកំពត៣A-១៨៨២ ដែលបានលួចដឹកសត្វ និងផលិតផលដែលមានដើមកំណើតពីសត្វមួយចំនួនរួមមាន៖ មាន់រស់ចំនួន ៣៧០ក្បាល, សត្វទន្សាយ១៥០ក្បាល, ជើងជ្រូក ៣ ៣៦០គីឡូក្រាម, ពោះវៀនជ្រូកចំនួន១ ១៤០គីឡូក្រាម, ស្លាបមាន់ ៥០០គីឡូក្រាមផងដែរ។

ដោយសរុបចំនួន៥ ០០០គីឡូក្រាម ដែលដឹកមកពីប្រទេសវៀតណាម តាមច្រកកំណប់កែវ ស្រុកគិរីវង់ ខេត្តតាកែវឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។ ចំពោះវត្ថុតាងក្នុងបទល្មើសនេះបច្ចុប្បន្នត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា ជុំវិញករណីនាំចូលទំនិញខូចគុណភាព និងគ្មានច្បាប់ត្រឹមត្រូវពីប្រទេសជិតខាងចូលកម្ពុជានេះ មហាជនជាច្រើនបានសម្តែងការព្រួយបារម្ភជាខ្លាំង ខណៈដែលក្រុមឈ្មួញតែងតែយកមកលក់ចែកចាយជូនប្រជាពលរដ្ឋ ដោយបង្កជាគ្រោះមហន្តរាយដល់សុខភាពសាធារណៈ។ ជាមួយគ្នានេះពួកគាត់ក៏បានស្នើឱ្យអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធពង្រឹង និងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះជនទាំងនោះ កុំមានការលើកលែងនោះឡើយ៕






