វីរនគរបាលជួរមុខម្នាក់ក្នុងចំណោម២០នាក់ សម្ដែងការឈឺចាប់ក្រោយចេញច្បាំង៧ថ្ងៃ បែរជាទទួលពិន័យ និងរងការគំរាមពីថ្នាក់លើ
ហាក់ អ៊ីឌី
22 មករា 2026 04:21 AM

រាជធានីភ្នំពេញ៖ ​វីរនគរបាលជួរមុខម្នាក់បានរៀបរាប់ក្នុងសំណេរមួយបង្ហោះលើបណ្តាញសង្គម បង្ហាញពីការឈឺចាប់របស់ខ្លួន និងយុទ្ធមិត្ត ជុំវិញការចូលសមរភូមិតតាំងច្បាំងជាមួយយោធាថៃឈ្លានពានរហូតដល់ទៅ៦យប់៧ថ្ងៃ នៅភូមិជោគជ័យ ប៉ុន្តែបែរជាត្រូវរងពិន័យធ្ងន់ធ្ងរពីថ្នាក់លើ ខណៈសារមួយនេះកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន និងមានការចែករំលែកបន្តគ្នាពាសពេញបណ្ដាញសង្គម...។

ការដែលវីរកងនគរបាលបង្ហាញការឈឺចាប់ នោះក៏ព្រោះតែលោក និងយុទ្ធមិត្ត២០នាក់ទៀតបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដី ប៉ុន្តែបែរជាទទួលបានការគំរាមកំហែងពីថ្នាក់លើ និងរងពិន័យយ៉ាងធ្ងន់ធ្ងរ ក្រោមបទចោទ «រត់ចោលសមរភូមិ»។ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sovanry San (សាន សុវណ្ណរី) ដែលត្រូវបានគេស្គាល់ថា លោកមានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១មករាម្សិលមិញ បានបង្ហោះសារភ្ជាប់ដោយសំណេរ និងរូបភាពជាច្រើនសន្លឹក រៀបរាប់ពីទុក្ខលំបាករបស់ខ្លួន និងយុទ្ធមិត្ត ដើម្បីស្នើសុំឱ្យលោកឧបនាយករដ្ឋមន្រ្តី អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ បន្ទាប់ពីរូបលោក និងមន្រ្តីនគរបាល២០រូបទៀត រងការចោទប្រកាន់មូលបង្កាច់ លាបពណ៌ ញុះញង់ឱ្យមានការរើសអើង គំរាមកំហែងវៃខ្នោះពីសំណាក់លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ក្រោមបទចោទ «រត់ចោលសមរភូមិ»

លោកឧបនាយករដ្ឋមន្រ្តីអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
លោកឧបនាយករដ្ឋមន្រ្តីអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

មិនត្រឹមតែប៉ុណ្ណោះ លោក សាន សុវណ្ណរី អះអាងថា ការចោទប្រកាន់ទាំងដែលមិនបានសួរនាំរកការពិត ឬខុសត្រូវអ្វីឡើយ ព្រមទាំងធ្វើរបាយការណ៍ទៅថ្នាក់លើ (ទៅអគ្គស្នងការ) បញ្ឈរជើង និងបញ្ចប់មុខតំណែងរូបលោក និងបញ្ជាមន្រ្តីក្រោមឱវាទ មិនឱ្យមកសួរសុខទុក្ខ ពេលដែលលោក និងយុទ្ធមិត្ត កំពុងសម្រាកព្យាបាលដោយរងរបួសរាងកាយ និងពុល[ផ្សែងពុល]នៅឯមន្ទីរពេទ្យ។ ម្ចាស់គណនីដដែលបន្ថែមថា កំលុងពេលច្បាំងតតាំងជាមួយសត្រូវឈ្លានពានថៃ ចំនួន៧ថ្ងៃនោះ រូបលោក និងមិត្តរួមអាវុធ២០នាក់ទៀត ក្នុងកងអនុសេនាតូចទី១ ពុំបានទទួលបានការពន្យល់ ណែនាំ ពីថ្នាក់ដឹកនាំណាម្នាក់ បង្ហាត់បង្ហាញឱ្យស្គាល់ពីទីតាំងភូមិសាស្ត្រ និងយុទ្ធសាស្ត្រសំខាន់ៗក្នុងការប្រយុទ្ធឡើយ។ យ៉ាងណា រូបភាពទាំងអស់នេះ រូបលោកចាត់ទុក ថាជាការរុញកម្លាំងនគរបាលឱ្យទៅជួបគ្រោះថ្នាក់ដល់ជីវិត ហើយស-បញ្ជាក់ពីការដឹកនាំដោយមិនមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ដល់អាយុជីវិត សុខទុក្ខកងកម្លាំងក្រោមឱវាទ និងថែមទាំងដាក់កំហុស មូលបង្កាច់ ធ្វើឱ្យកងកម្លាំងបាក់ទឹកចិត្ត និងឈឺចាប់រកអ្វីប្រៀបពុំបាន។

លោក សាន សុវណ្ណរី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
លោក សាន សុវណ្ណរី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ទោះយ៉ាងណា ជុំវិញបញ្ហាខាងលើនេះ អង្គភាពសារព័ត៌មាន SBM News បានព្យាយាមសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ តាមប្រព័ន្ធទូរសព្ទនាព្រឹកថ្ងៃទី២២ ខែមករានេះផងដែរ ដោយលោកបញ្ជាក់យ៉ាងខ្លីថា សំណេរនោះ គឺជាអារម្មណ៍របស់បុគ្គល ហើយលោកគ្មានអ្វីត្រូវបកស្រាយទេ ចំពោះលទ្ធផលយ៉ាងណានោះ ទុកឱ្យថ្នាក់លើជាអ្នកសម្រេចទៅចុះ។ សូមបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ហាក់ពើបប្រទះនឹងរឿងអាស្រូវជាបន្តបន្ទាប់ ដោយកន្លងមកលោករងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់ពលរដ្ឋរស់នៅក្នុងខេត្ត ក្រោយពីបានធ្វើរបងបិទផ្លូវសាធារណៈរបស់រដ្ឋមួយខ្សែ ប៉ុន្តែក្រោយមករបងនោះក៏ត្រូវបានលោកវាយបំផ្លាញវិញ ដើម្បីបើកផ្លូវឱ្យពលរដ្ឋប្រើប្រាស់ជាធម្មតា៕

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ 
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត