
ក្រុងសំរោង៖ ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ..។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរងយោធភូមិភាគទី៤ រីឯក្រុមលេខាធិការភាគីថៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការកងទ័ពភូមិភាគទី២។ តាមរយៈជំនួបនេះ ភាគីទាំងពីរ បានប្រជុំពិភាក្សាទៅលើការងារសំខាន់ៗមួយចំនួន លើការពង្រឹងការអនុវត្តនូវខ្លឹមសារសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត។

ជាការកត់សម្គាល់ ជំនួបនេះជាជំនួបក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) លើកដំបូង សម្រាប់ឆ្នាំ២០២៦ ខណៈកិច្ចប្រជុំនេះ កើតឡើងបន្ទាប់ពីកម្ពុជា-ថៃ ផ្អាកប្រយុទ្ធគ្នាអស់រយៈពេលជិត៣សប្តាហ៍។ ក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់សាជាថ្មី ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ ស្មោះត្រង់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦តុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ៕






