រឿងមន្ត្រីខេត្តតាកែវរងការចោទប្រកាន់រំលោភយកដីរដ្ឋ និងប្រជាជន មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចុះទៅស្រាវជ្រាវផ្ទាល់
ហាក់ អ៊ីឌី
21 មករា 2026 09:30 AM

ក្រុងដូនកែវ៖ រឿងរ៉ាវពាក់ព័ន្ធនឹងមន្ត្រីគ្រាក់ៗនៅខេត្តតាកែវ កំពុងរងការចោទប្រកាន់ជាហូរហែ ជុំវិញការរំលោភអំណាចទន្ទ្រានយកដីរដ្ឋ និងដីប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកត្រាំកក់ និងស្រុកបាទី បាននិងកំពុងក្លាយជាប្រធានបទក្ដៅគគុកមួយ នារយៈពេលចុងក្រោយនេះ។ ភាពមិនប្រក្រតី ដែលបាននិងកំពុងជះក្លិនអសោចចេញពីជួររដ្ឋបាលខេត្តវ័យចំណាស់មួយនេះ ជំរុញឱ្យមានការចុះស៊ើបអង្កេតដោយផ្ទាល់ពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ...។

ជាក់ស្តែង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោក ឯម វិចិត្រ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានផ្ញើលិខិតទៅកាន់លោកឧបនាយករដ្ឋមន្រ្តី អភិសន្តិបណ្ឌិត ស សុខា ដើម្បីសុំគោលការណ៍ធ្វើអធិការកិច្ចនៅរដ្ឋបាលខេត្តតាកែវ ពាក់ព័ន្ធនឹងខ្លឹមសារពាក្យបណ្តឹងរបស់ឈ្មោះ ហ៊ូ សារ៉ន។ លិខិតខាងលើបានចោទប្រកាន់ លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ និងលោក សាយ វណ្ណៈ ជាអភិបាលរងស្រុក ព្រមទាំងបក្ខពួក ដែលបានគប់គិតជាមួយបុគ្គលឯកជនម្នាក់ លុបអូរផ្លូវទឹកសាធារណៈរបស់រដ្ឋ មានទទឹងប្រវែងប្រមាណ៦ម៉ែត្រ និងបណ្តោយប្រមាណ៥០០ម៉ែត្រ ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់។ ក្រៅតែពីការលុបអូរ មេស្រុកទាំង២រូបនេះ មិនបានទប់ស្កាត់ និងបង្ក្រាបការគប់គិតគ្នារវាងមន្ត្រីឃុំ និងបុគ្គលឯកជន ក្នុងការក្លែងស្នាមមេដៃ បង្ខំឱ្យមេភូមិចុះហត្ថលេខា និងធ្វើការឈូសឆាយ ទន្ទ្រាន កាន់កាប់ដីបឹងខ្ពបត្របែកដោយខុសច្បាប់នោះទេ

លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ និងលោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់
លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ និងលោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់

បន្ថែមលើនេះ លោក កេត ម៉ៅ ក្នុងនាមជាអភិបាលស្រុក បានទន្ទ្រានយកដីបឹងត្នោតទេរជាច្រើនកន្លែង កាលពីអំឡុងពេលលោកធ្វើជាអភិបាលស្រុកសំរោង ខេត្តតាកែវផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការសាងសង់របងរំលោភចំណីបឹងស្លាគូ ដោយគ្មានច្បាប់អនុញ្ញាតរហូតដល់ទៅជាង៣គីឡូម៉ែត្រ កាលពីពេលកន្លងទៅ ក៏ លោក កេត ម៉ៅ មិនបានចាត់មន្ត្រីឱ្យធ្វើការត្រួតពិនិត្យនោះដែរ។ យ៉ាងណា ការចោទប្រកាន់ខាងលើនេះ​ ត្រូវបានអាជ្ញាធររដ្ឋបាលស្រុកត្រាំកក់ ចេញសេចក្ដីបំភ្លឺ និងធ្វើការច្រានចោលទាំងអស់ ដោយខ្លឹមសារក្នុងសេចក្តីបំភ្លឺនោះ បញ្ជាក់ថា ករណីនេះមាន​អ្នក​នៅ​ពីក្រោយ​ខ្នង​ ​ចង់ឈ្នានីស​​។ ចំណែករដ្ឋបាលស្រុកបាទី ឯណោះ​វិញ ក៏មិនចាញ់ស្រុកត្រាំកក់ប៉ុន្មានដែរ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ លោកស្រី ចក់ គន្ធា (ជនរងគ្រោះ) បានប្តឹងមន្ត្រីខេត្តតាកែវ៣រូប រួមមាន៖ លោក ម៉ឹង វុធី អភិបាលរងខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី និងលោក ទូច សារុន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពីបទគំរាមកំហែង បំភិតបំភ័យ ដើម្បីយកដីអ្នកស្រីទៅឱ្យជនដទៃផ្សេងទៀត។

លោក ម៉ឹង វុធី អភិបាលរងខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី និងលោក ទូច សារុន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់   
លោក ម៉ឹង វុធី អភិបាលរងខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី និងលោក ទូច សារុន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់   

យ៉ាងណា លោកស្រី ចក់ គន្ធា អះអាងថា មន្ត្រីទាំង៣ បានគប់គិតគ្នាប្រើប្រាស់អំណាច និងតួនាទី គាបសង្កត់ គំរាមកំហែង បំភិតបំភ័យ លើរូបលោកស្រី ដើម្បីយកដីដែលមានបណ្ណកម្មសិទ្ធិស្របច្បាប់ ប្រគល់ឱ្យឈ្មោះ នី អៀម។ ជុំវិញបញ្ហាខាងលើនេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News នាព្រឹកថ្ងៃទី២១ ខែមករានេះថា ពាក់ព័ន្ធករណីទាំង២ ខាងលើនេះ មន្រ្តីជំនាញនៃអគ្គាធិការដ្ឋាន បាននិងកំពុងបន្តនីតិវិធីអង្កេតស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើរបាយការណ៍ជូនលោកឧបនាយករដ្ឋមន្រ្តីអភិសន្តិបណ្ឌិត ស សុខា ពិនិត្យ និងសម្រេច។ ជាមួយគ្នានេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្ថែមថា ការស៊ើបតាមនីតិវិធី និងតាមច្បាប់កំណត់ គឺត្រូវការពេលវេលាបន្តិច ដើម្បីឱ្យការស៊ើបអង្កេតនោះ មានតម្លាភាព និងយុត្តិធម៌ទាំងសងខាង។ ទោះយ៉ាងណា មហាជនកំពុងរង់ចាំមើលចំណាត់ការនេះ នឹងមានតម្លាភាពកម្រិតណា ហើយថាតើ ដីដែលរងការទន្ទ្រាននោះ នឹងត្រូវកាត់ឆ្វៀលមកជាសម្បត្តិរដ្ឋ ឬក៏ប្រគល់ជូនម្ចាស់ដើមវិញ?...៕ 

លោកឧបនាយករដ្ឋមន្រ្តីអភិសន្តិបណ្ឌិត ស សុខា
លោកឧបនាយករដ្ឋមន្រ្តីអភិសន្តិបណ្ឌិត ស សុខា
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត