កម្ពុជា នឹងដាក់លិខិតតវ៉ាទៅថៃ ចំពោះការបន្តធ្វើសកម្មភាពឈ្លានពាន
Mao Sopha
17 មករា 2026 03:19 PM

រាជធានីភ្នំពេញ៖ កម្ពុជា តាមរយៈក្រសួងការបរទេស នឹងបញ្ជូនកំណត់ទូតតវ៉ាទៅកាន់ថៃ ចំពោះការបន្តសកម្មភាពបំពានរបស់យោធាថៃមិនព្រមឈប់។ នេះបើតាមការអះអាងរបស់មន្រ្តីក្រសួងការបរទេសកម្ពុជា ហើយត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។ ប៉ុន្តែ AKP ពុំបានបញ្ជាក់ពីឈ្មោះមន្រ្តីរូបនោះឡើយ។ 

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា

កម្ពុជាត្រៀមផ្ញើលិខិតតវ៉ានេះ ដោយសារយោធាថៃ នៅតែបន្តធ្វើសកម្មភាពបំពានលើទឹកដីកម្ពុជាជាង១០តំបន់ ដូចជា ស្រាស់បន្លាលួស ដាក់ទូកុងទឺន័រ និងឈរជើងកាន់កាប់នៅទីនោះ។ ថ្មីៗនេះ ដោយសារតែទ្រាំលែងបាន អាជីវករជនជាតិចិនមួយចំនួន ក៏នាំគ្នាដកបន្លាលួសចេញពីអគារអាជីវកម្មរបស់ពួកគេ នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ តែក្រោយមក យោធាឈ្លានពានថៃ ក៏យកបន្លាលួសទៅដាក់វិញ ហើយដាក់ច្រើនជាងមុនថែមទៀត។

សកម្មភាពរបស់យោធាថៃ រួមមាន ការស្រាស់បន្លាលួស ការដាក់ទូកុងទឺន័រ និងការឈរជើងកាន់កាប់តំបន់ក្នុងដែនអធិបតេយ្យកម្ពុជា គឺផ្ទុយនឹងសេចក្តីថ្លែងការណ៍រួម ដែលបង្កើតឡើងជាមួយគ្នា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចំណុច១ ក្នុងសេចក្តីថ្លែងការណ៍រួមនេះ កំណត់ថា ភាគីទាំង២ ឯកភាពអនុញ្ញាតឱ្យជនស៊ីវិលដែលរស់នៅក្នុងតំបន់ព្រំដែន អាចវិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញដោយសុវត្ថិភាព គ្មានការរារាំង។

មន្ត្រីក្រសួងការបរទេសកម្ពុជា លើកឡើងថា សកម្មភាពបំពានទាំងនេះរបស់យោធាថៃ មិនត្រឹមប៉ះពាល់ដល់ការវិលត្រឡប់របស់ប្រជាជនកម្ពុជាទៅកាន់លំនៅឋានវិញ និងប៉ះពាល់ទ្រព្យសម្បត្តិរបស់ពួកគាត់ប៉ុណ្ណោះទេ តែក៏អាចប៉ះពាល់ដល់ដំណើរការកំណត់ខណ្ឌសីមាព្រំដែនជាមួយគ្នាផងដែរ។ មន្រ្តីកម្ពុជាដដែល ហៅសកម្មភាពបំពានរបស់យោធាថៃ ថាធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពតានតឹងតាមព្រំដែនប្រទេសទាំង២៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត