បន្ទាប់ពីចិន អាម៉េរិក នឹងបញ្ជូនបេសកជនមកជួយពង្រឹងបទឈប់បាញ់រវាងកម្ពុជា-ថៃ កុំឱ្យប្រេះស្រាំ
S
Soriya Sou
09 មករា 2026 12:30 PM

រាជធានីភ្នំពេញ៖ បេសកជនអាម៉េរិក នឹងធ្វើដំណើរមកប្រទេសកម្ពុជាក្នុងរយៈពេលឆាប់ៗនេះ ដើម្បីជួយពង្រឹងបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលត្រូវបានគេមើលឃើញថា កំពុងមានភាពផុយស្រួយ ព្រោះការបន្តបង្កហេតុឈ្លានពានកម្ពុជាមិនឈប់ពីសំណាក់យោធាថៃ។ នេះបើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ទី៨មករា…។

ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការបរទេសអាម៉េរិក ត្រៀមមកប្រទេសកម្ពុជាដើម្បីជួយពង្រឹងបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយរដ្ឋាភិបាលកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋធានីវ៉ាស៊ីនតោន លើបញ្ហានេះ។ លោកបន្ថែមថា កម្ពុជាអនុវត្តបទឈប់បាញ់យ៉ាងមានប្រសិទ្ធភាព ឆ្ពោះទៅធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពនូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។ ប៉ុន្តែកងកម្លាំងយោធាថៃ នៅតែចូលមកទន្រ្ទានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងបានបណ្តេញពលរដ្ឋស្លូតត្រង់រាប់រយពាន់នាក់ ឱ្យរស់នៅគ្មានផ្ទះសម្បែង។

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់បេសកជនអាម៉េរិកមកកាន់កម្ពុជា នាពេលខាងមុខ កើតឡើងបន្ទាប់ពីកិច្ចប្រជុំត្រីភាគីរវាង កម្ពុជា-ថៃ-ចិន កាលពីថ្ងៃទី២៩ធ្នូ ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន។ មុនកិច្ចប្រជុំត្រីភាគីនេះ ចិនបានបញ្ជូនបេសកជនពិសេសមកកាន់ប្រទេសកម្ពុជា និងថៃ ដើម្បីសម្របសម្រួលឱ្យបញ្ឈប់ការប្រយុទ្ធគ្នា និងលើកទឹកចិត្តឱ្យមានការចរចាសន្តិភាពរវាងប្រទេសទាំងពីរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត