កម្ពុជាស្នើឱ្យមានកិច្ចអន្តរាគមន៍បន្ថយភាពតានតឹងនៃជម្លោះព្រំដែន អគ្គលេខាធិការ UN តបវិញ បាននិយាយជាមួយថៃរួចហើយ
S
Soriya Sou
30 កញ្ញា 2025 09:45 AM

រាជធានីភ្នំពេញ៖ ក្នុងជំនួបជាមួយ លោក អង់តូនីញ៉ូ ហ្គូតឺរ៉េស António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) ក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើដល់ UN បន្តគាំទ្រដោយការកាត់បន្ថយភាពតានតឹងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមកទល់ពេលនេះ នៅមិនទាន់មានសញ្ញាធូរស្រាល…។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និង លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ 
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និង លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ 

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា កម្ពុជានឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ និងស្តារប្រក្រតីភាព ក្នុងទំនាក់ទំនងជាមួយប្រទេសថៃ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបានអរគុណដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានបន្តចូលរួមគាំទ្រដល់ការបន្ថយភាពតានតឹងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសតាមរយៈសេចក្តីថ្លែងការណ៍ជាវិជ្ជមាន ដែលអំពាវនាវឱ្យភាគីទាំងសងខាងឈប់ប្រើប្រាស់កម្លាំង។ យ៉ាងណាក៏ដោយ កម្ពុជាសូមស្នើឱ្យអង្គការសហប្រជាជាតិ បន្តប្រឹងប្រែងជួយលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បន្តទៀត។ លោក អង់តូនីញ៉ូ ហ្គូតឺរ៉េស បានសម្ដែងការកោតសរសើរចំពោះភាពជាដៃគូដ៏ល្អរវាងអង្គការសហប្រជាជាតិ និងកម្ពុជា។

អាជ្ញាធរថៃ បាញ់កាំភ្លើងខ្យល់លើពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ
អាជ្ញាធរថៃ បាញ់កាំភ្លើងខ្យល់លើពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ លោក អង់តូនីញ៉ូ ហ្គូតឺរ៉េស អះអាងថា លោកបានប្រាប់ពីកង្វល់របស់កម្ពុជាទៅសមភាគីថៃហើយ ដោយលោកចង់បានដំណោះស្រាយចំពោះជម្លោះនេះ ព្រោះទីបញ្ចប់ប្រជាជនជាអ្នករងទុក្ខ។ លោកសង្ឃឹមថា ប្រទេសជិតខាងទាំងពីរ កម្ពុជា-ថៃ អាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី តាមរយៈការសន្ទនា និងការប្តេជ្ញាចិត្តទៅវិញទៅមក។ ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ថា កម្ពុជាផ្តល់ទំនុកចិត្តយ៉ាងខ្លាំងចំពោះអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ពហុភាគីនិយម សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ការគ្រប់គ្រង និងដោះស្រាយវិវាទដោយសន្តិវិធី ព្រមទាំងការគោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោកសង្កត់ធ្ងន់ថា កម្ពុជាបានឆ្លងកាត់ និងយល់ច្បាស់ពីសង្គ្រាម ដូច្នេះ កម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះប្រទេសនោះតូចជាងកម្ពុជាក៏ដោយ ព្រោះអ្វីដែលកម្ពុជាចង់បានគឺ «សន្តិភាព»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត